យូអិន៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានជំរុញឱ្យគ្រប់ភាគីនៅលីប៊ី ងាកទៅរកការសន្ទនា និងជៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
UNSMIL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងការសន្ទនាដោយផ្ទាល់ និងក្នុងន័យស្ថាបនា ដើម្បីដោះស្រាយរាល់កង្វល់ ដែលកើតឡើង និងបន្តប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវរបស់លីប៊ី (LPDF) ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងផងដែរថា គ្រប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាពណាមួយ ដែលអាចគំរាមកំហែងដល់ឯកភាពជាតិ និងស្ថាប័នរបស់ខ្លួន និងសុខុមាលភាពរបស់ប្រជាជនលីប៊ី ព្រោះលីប៊ីនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំនេះ។
នៅក្នុងនោះដែរ សេចក្ដីថ្លែងការណ៍ ក៏បានរំលឹកដល់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសលីប៊ីពីសារៈសំខាន់នៃការគោរព ការបោះឆ្នោត ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។
មន្រ្តីរដ្ឋាភិបាលលីប៊ីមួយចំនួន ដែលតំណាងឱ្យតំបន់លីប៊ីភាគខាងកើត បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់នាយករដ្ឋមន្រ្តីលោក Abdul-Hamid Dbeibah ពីបទខកខានមិនបានរៀបចំស្ថាប័នរបស់ប្រទេស។
ពួកគេបានគំរាមកំហែងថា“ ចាត់វិធានការកើនឡើងជាមួយនឹងផលវិបាក ដែលនាយករដ្ឋមន្ត្រីនឹងត្រូវទទួលខុសត្រូវ ចំពោះមុខប្រជាជនលីប៊ី និងសហគមន៍អន្តរជាតិ” ។
UNSMIL បានអំពាវនាវដល់រដ្ឋាភិបាលឯកភាពជាតិ ដែលត្រូវបានជ្រើសរើសកាលពីខែកុម្ភៈ ដោយ LPDF ឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់មន្រ្តីដោយមិនបង្អង់យូរ៕ដោយ ឈូក បូរ៉ា