ម៉ូស្គូ៖ វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាគ្នា អំពីបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ ភាពជាប់គាំងដែលគួរឱ្យព្រួយបារម្ភ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ ផ្ទៃក្នុង នៅអ៊ុយក្រែន ត្រូវបានពិភាក្សា លម្អិតដោយមេដឹកនាំទាំងបី បានកត់សម្គាល់ ពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងមីនស៍ ឆ្នាំ២០១៥ ជាមូលដ្ឋានតែមួយគត់ ដែលអាចធ្វើទៅបាន សម្រាប់ការដោះស្រាយ” ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា“ ចំណាប់អារម្មណ៍ក៏ត្រូវបានសម្តែងឡើង នៅក្នុងកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលបន្ថែមទៀត នៅក្នុងទម្រង់ Normandy របស់រុស្ស៊ី អាល្លឺម៉ង់ និងបារាំង” ។
ដោយមើលឃើញពីការលំបាក ក្នុងការដោះស្រាយជម្លោះ នៅភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន មេដឹកនាំបានស្នើឱ្យទីប្រឹក្សានយោបាយ និងក្រសួងការបរទេស របស់ពួកគេ បង្កើនទំនាក់ទំនង និងធ្វើការតាមទម្រង់ Normandy4។
នៅក្នុងនោះដែរ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា បញ្ហាអន្តរជាតិមួយចំនួនផ្សេងទៀត ត្រូវបានលើកយក មកពិភាក្សាផងដែរ ក្នុងនោះមានកិច្ចប្រឹងប្រែង ប្រឆាំងភេរវកម្ម នៅទ្វីបអាហ្វ្រិកផងដែរ៕
ដោយ ឈូក បូរ៉ា