សិង្ហបុរី៖ ប្រភពពីក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,២៦៣ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ១២៩,២២៩ ករណី ។
ក្នុងចំណោមករណីថ្មីនេះមាន ១,៩៦៩ករណី ជាការចម្លង នៅក្នុងសហគមន៍ ៣០៦ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៨ ករណីទៀតជាករណីនាំចូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ក្រសួងបានឲ្យដឹងថា បច្ចុប្បន្នមានករណីចំនួន ១,៦៩៨ករណគ ត្រូវបានគេដាក់នៅមន្ទីរពេទ្យ ដោយមានជំងឺធ្ងន់ធ្ងរ ចំនួន ៣០៨ករណី ដែលត្រូវការការបន្ថែម អុកស៊ីសែន និង ៤២ករណី ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង អង្គភាពថែទាំបន្ទាន់។ ក្រៅពីនេះមានករណីចំនួន ១០ ទៀតបានស្លាប់ដោយសារផល វិបាកដោយសារការឆ្លង មេរោគកូវីដ-១៩ ។
គួរបញ្ជាក់ថា ប្រជាជនក្នុងស្រុក ចំនួន ៨៣ ភាគរយបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយបានទទួលយ៉ាងហោច ណាស់មួយដូស ៕
ដោយ ឈូក បូរ៉ា