បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមការបើកពិធីពិព័រណ៍ អាវុធមួយ នៅក្នុងទីក្រុងព្យុងយ៉ាង មានតាំងបង្ហាញមីស៊ីល សមត្ថភាពនុយក្លេអ៊ែ ហើយលោកបានថ្លែងរិះគន់ សហរដ្ឋអាមេរិក សម្រាប់ការបន្ត មានអស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។
រូបភាពចេញផ្សាយ លើកាសែតកូរ៉េខាងជើង Rodong Sinmun បានបង្ហាញឲ្យឃើញលោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាមួយ នៅពិធីពិព័រណ៍ Self Defense 2021 និងបង្ហាញពីអាវុធនានា រួមមានទាំងមីស៊ីល Hwasong-16 ដែលជាមីស៊ីលផ្លោងឆ្លងទ្វីបដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសុន្ទរកថានោះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង កំពុងតែបន្តពង្រឹងសមត្ថភាពយោធាខ្លួន សម្រាប់ជាការទប់ស្កាត់ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានការបង្កើនចំនួនអាវុធ។
គួរបញ្ជាក់ថា មីស៊ីល Hwasong-16 ជាមីស៊ីលសមត្ថភាពនុយក្លេអ៊ែ ដែលអ្នកវិភាគជឿថា មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែច្រើនគ្រាប់ និងអាចវាយប្រហារដល់ទឹកដីអាមេរិកទាំងមូលនោះ គឺត្រូវបានបង្ហាញលើកដំបូង នៅក្នុងពិធីព្យុហយាត្រាយោធាមួយ ក្នុងខែតុលា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង