បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី លោក Sergei Ryabkov បាននិយាយថា វិមានក្រឹមឡាំង មិនបដិសេធ ការបញ្ឈប់ប្រតិបត្តិការ បេសកកម្មការទូត រុស្ស៊ីនិងអាមេរិក ជាបណ្តោះអាសន្នទេ។ លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ទីក្រុងមូស្គូ ចង់បញ្ចៀសសេណារីយ៉ូ បែបនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា Ryabkov បានកត់សម្គាល់ថាសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅតែមាន“ សក្តានុពលដ៏សំខាន់សម្រាប់វិបត្តិ” នៅក្នុងវិស័យមួយចំនួនដូចជាការចេញទិដ្ឋាការ, លក្ខខណ្ឌប្រតិបត្តិការនៅស្ថានទូត និងការផ្លាស់ប្តូរបុគ្គលិកការទូត។ លោកបានបន្ថែមថា លោកបានពិភាក្សាបញ្ហាទាំងនេះ ជាមួយអនុរដ្ឋមន្រ្តីការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland ដែលបានមកដល់ ប្រទេសរុស្ស៊ីនៅថ្ងៃទី ១១ ខែតុលា ប៉ុន្តែគ្មានការរីកចម្រើន គួរឱ្យកត់សម្គាល់ទេ ដែលជាលទ្ធផល នៃការពិគ្រោះយោបល់ ទាំងនេះ។
សូមជម្រាបថា ការព្រមាននៃការផ្អាក ប្រតិបត្តិការការទូតនេះ កើតឡើងចំពេលដែល ដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការ នយោបាយលោកស្រី Victoria Nuland ទៅកាន់ប្រទេសរុស្ស៊ី។ លោកស្រី Victoria Nuland បាននិយាយថា បេសកកម្មចម្បង របស់លោកស្រី គឺការស្វែងរកទំនាក់ទំនងស្ថិរភាព និង ការព្យាករណ៍ទំនាក់ទំងជាមួយ ទីក្រុងម៉ូស្គូ ដែលបានធ្លាក់ចុះជាង ៧ ឆ្នាំមកហើយនេះ៕
ប្រែសម្រួលៈ ណៃ តុលា