ព័ត៌មានអន្តរជាតិ

វិទ្យាស្ថាន កងទ័ពជើងទឹក អាមេរិកអះអាងថា ចិនបានសាកល្បង នាវាប្រយុទ្ធ គ្មានមនុស្សបើក នៅមូលដ្ឋាន កងទ័ពជើងទឹកសម្ងាត់

ប៉េកាំង៖ ចិនកំពុងធ្វើតេស្ត សាកល្បងនាវាប្រយុទ្ធ គ្មានមនុស្សបើក នៅឯមូលដ្ឋាន កងទ័ពជើងទឹក សម្ងាត់មួយ នៅឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសចិន។ នេះបើតាមវិទ្យាស្ថាន កងទ័ពជើងទឹក អាមេរិក (USNI) បានរាយការណ៍នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមព័ត៌មាន USNI ដែលជាប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការ របស់វិទ្យាស្ថាន បានឲ្យដឹងថា នាវាគ្មានមនុស្សបើកចំនួន ២ គ្រឿង ត្រូវបានគេប្រទះឃើញ នៅមូលដ្ឋានទ័ពជើងទឹកថ្មី ដែលមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីមូលដ្ឋាននាវាមុជទឹក Xiaopingdao និងចម្ងាយ ៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌល សាងសង់កប៉ាល់ធំរបស់ចិន Dalian ។

នាវាមួយគ្រឿង ក្នុងចំណោមនាវាទាំងនោះ ត្រូវបានគេពិពណ៌នាថា ជានាវាគ្មានមនុស្សបើក ដែលស្រដៀងទៅនឹងនាវា JARI ដែលបានឃើញនៅតំបន់នោះ ក្នុងឆ្នាំ ២០២០។ វាគឺជានាវាពិឃាតតូចមួយ ដែលបំពាក់ ដោយអាវុធដ៏មានឥទ្ធិពល។ នាវាទី ២ ប្រហាក់ប្រហែល នឹងទូកក្តោងដ៏ធំ ដែលមានលក្ខណៈ ស្រដៀងនឹង JARI ដែរ។

វិទ្យាស្ថាននេះបានអះអាងថា ប្រទេសចិនបានធ្វើតេស្ត ម្តងហើយម្តងទៀត លើនាវាគ្មានមនុស្សបើករបស់ខ្លួន នៅឯកំពង់ផែកងទ័ពជើងទឹកក្បែរទីក្រុង Dalian។ ការសាងសង់ផែបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ហើយយោងតាមរូបភាព ផ្កាយរណប មានរយៈពេលប្រហែលមួយឆ្នាំ។ ចាប់តាំងពីពេលនោះមក វាត្រូវបានប្រើជាទៀងទាត់ សម្រាប់ការធ្វើតេស្ត និង ហ្វឹកហ្វឺនរយៈពេលខ្លី៕

ប្រែសម្រួលៈ ណៃ តុលា

To Top