បរទេស៖រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ នឹងដកការរឹតបន្តឹងលើការធ្វើដំណើរនៅតាមព្រំដែនជាប់កាណាដានិងម៉ិកស៊ិក ចាប់ពីក្នុងខែវិច្ឆិកា សម្រាប់អ្នកបានចាប់វ៉ាក់សាំងរួចទាំងស្រុង ជាការបើកទ្វារអាមេរិកជាថ្មីទទួលភ្ញៀវទេសចរ និងសមាជិកគ្រួសារតែដែលនៅបែកគ្នា ក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩។
អ្នកដំណើរបរទេស ដែលផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង និងចង់ទៅសួរសុខទុក្ខគ្រួសារ ឬក៏មិត្តភក្តិ ឬក៏ទិញឥវ៉ាន់នៅសហរដ្ឋអាមេរិក នឹងត្រូវអនុញ្ញាតឲ្យចូល នេះបើតាមសម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក នៅថ្ងៃអង្គារ ត្រឹមតែមួយសប្ដាហ៍ក្រោយរដ្ឋបាលលោក បៃដិន និយាយថា ខ្លួននឹងដកការរឹតបន្តឹងដូចគ្នានេះ លើជនបរទេសដែលសម្លឹងធ្វើដំណើរមកពីបរទេស។
ការដកបម្រាមគោចរទាំងពីរនេះ នឹងបង្ហាញពីប្រសិទ្ធភាពនៃការបើកអាមេរិកជាថ្មី ចំពោះអ្នកដំណើរនិងវិស័យទេសចរណ៍ បង្ហាញពីដំណាក់កាលថ្មីមួយ ក្នុងភាពល្អប្រសើរឡើងវិញពីការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩ ក្រោយអាមេរិកបានបិទព្រំដែនខ្លួន អស់រយៈពេលជិត១៩ខែ។
តាមសេចក្តីរាយការណ៍ មន្ត្រីអាមេរិកបាននិយាយថា អ្នកដំណើរដែលមិនចាក់ថ្នាំវ៉ាក់សាំង នឹងបន្តហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងព្រំដែនម៉ិកស៊ិក ឬក៏កាណាដា ហើយអ្នកដែលមិនធ្លាប់ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ព្រំដែនផ្លូវគោក រួមទាំងអ្នកបើកបរនិងសិស្ស ក៏នឹងចាំបាច់ត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងផងដែរ នៅពេលពួកគេឆ្លងព្រំដែន ចាប់ពីខែមករាទៅ៕ប្រែសម្រួល៖ប៉ាង កុង