ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអ៊ីរ៉ង់៖មន្ត្រីសម្របសម្រួលកិច្ចពិភាក្សា នុយក្លេអ៊ែ សហភាពអឺរ៉ុប នឹងធ្វើទស្សនកិច្ចអ៊ីរ៉ង់

បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឡើងវិញ លោក Enrique Mora នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលកាលបរិច្ឆេទ នៅតែត្រូវកំណត់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដែលជាប់គាំងជាថ្មី នេះបើតាមសម្តីក្រសួងការបរទេសអ៊ីរ៉ង់។

លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា “ដំណើរទស្សនកិច្ចលោក Mora នេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វាធ្វើឡើងក្រោយកិច្ចប្រឹក្សាគ្នា រវាងភាគីទាំងពីរ ស្តីពីបញ្ហាផលប្រយោជន៍របស់គ្នាទៅវិញទៅមក រួមមានទាំងចំណងមិត្តភាពរវាងអ៊ីរ៉ង់និងសហភាពអឺរ៉ុប អាហ្វហ្គានីស្ថាននិងកិច្ចព្រមព្រៀងនុយក្លេអ៊ែ”។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយប្រាប់កាលពីថ្ងៃសៅរ៍ថា ក្តីព្រួយបារម្ភដ៏ធំមួយរបស់អ៊ីរ៉ង់ ក្នុងកិច្ចពិភាក្សាគ្នាណាមួយ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែនោះ នឹងស្តីពីវិធីបញ្ជាក់់ពីការដកទណ្ឌកម្មអាមេរិក។

គួរបញ្ជាក់ថា កិច្ចពិភាក្សា ដែលមានបំណងនាំទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ ឲ្យវិលអនុវត្តតាមកិច្ចព្រមព្រៀង ដែលមានគោលដៅទប់ស្កាត់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់នោះ ត្រូវបានផ្អាកឈប់អនុវត្តក្នុងខែមិថុនា ក្រោយលោក Ebrahim Raisi បានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top