ព័ត៌មានអន្តរជាតិ

ចិន៖សមយុទ្ធយោធានៅក្បែរ កោះតៃវ៉ាន់ គ្រាន់តែជា សកម្មភាពការពារសន្តិភាព

បរទេស៖ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់ គឺមានគោលដៅផ្តោត លើកម្លាំងដែលលើកម្ពស់ភាពឯករាជ្យផ្លូវការរបស់តៃវ៉ាន់ និងត្រឹមតែជាសកម្មភាពការពារសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននេះ ក៏បាននិយាយផងដែរថា សមយុទ្ធយោធាទាំងនោះ ផ្តោតគោលដៅលើការជ្រៀតជ្រែកធ្វើឡើងដោយកម្លាំងពីខាងក្រៅ។

ថ្លែងប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងបកាំង លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា មូលហេតុនៃភាពតានតឹងបច្ចុប្បន្ននេះ គឺជាការឃុបឃិតគ្នារបស់បក្សកាន់អំណាចតៃវ៉ាន់ជាមួយកងកម្លាំងបរទេស និងការបង្កហេតុជុំវិញការស្វះស្វែងឲ្យមានភាពឯករាជ្យរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយកាលពីសប្ដាហ៍មុនថា ភាពតានតឹងយោធាជាមួយប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់នោះ គឺកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ហើយលោកបន្ថែមថា ប្រទេសចិនឹងមានសមត្ថភាពអាចបង្កើនការលុកលុយទ្រង់ទ្រាយធំ នៅត្រឹមឆ្នាំ២០២៥៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top