ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អាមេរិក បរាជ័យក្នុងការរក្សាការសន្យា រារាំងក្រុមសកម្មប្រយុទ្ធ ឃឺដ ស៊ីរី

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី បានចោទប្រកាន់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកថា មិនបានគោរពការសន្យា របស់ខ្លួនក្នុងការដាក់ អង្គភាពការពារប្រជាជនឃឺដ (YPG) ឱ្យឆ្ងាយពីព្រំដែនរបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារាព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីនីការ៉ាហ្គួថា“ រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ទទួលខុសត្រូវផងដែរ ចំពោះការវាយប្រហារនាពេលថ្មីៗនេះ ពីព្រោះពួកគេមិនបានរក្សាពាក្យសម្ដីរបស់ពួកគេនោះទេ ។

លោកបានលើកឡើងថា“ យើងនឹងធ្វើអ្វីក៏ដោយ ដើម្បីបោសសំអាតភេរវករទាំងនេះចេញពីតំបន់ទាំងនេះ” ។អាជ្ញាធរតួកគីបានឲ្យដឹងថា ប៉ូលីសពីរនាក់មកពីកងកម្លាំងប្រតិបត្តិការពិសេសតួកគី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ដឹកនាំដោយកងកម្លាំង YPG មកពីទីក្រុងតេលរីហ្វត នៃភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

អភិបាលខេត្តបានឲ្យដឹងថា គ្រាប់ផ្លោងចំនួន ៥ គ្រាប់ ដែលបាញ់ចេញពីតំបន់ ដែលគ្រប់គ្រងដោយ YPG នៅក្នុងប្រទេសស៊ីរី បានផ្ទុះឡើងនៅក្នុងស្រុក Karkamis នៃខេត្ត Gaziantep ភាគខាងត្បូង។

លោក Cavusoglu បានលើកឡើងថា ការថ្កោលទោសរបស់អាមេរិក ចំពោះការវាយប្រហារលើប្រទេសតួកគី គឺមិនស្មោះត្រង់នោះទេ ព្រោះទីក្រុងវ៉ាស៊ីនតោន កំពុងបំពាក់អាវុធដល់ក្រុម YPG ។

លោក Cavusoglu សំដៅលើកិច្ចព្រមព្រៀងដាច់ដោយឡែក ដែលតួកគី បានសម្រេចជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងឆ្នាំ ២០១៩ សម្រាប់ការដកកងកម្លាំង YPG ទៅចម្ងាយ ៣០ គីឡូម៉ែត្រខាងត្បូងព្រំដែនតួកគី នៅភាគខាងជើងប្រទេសស៊ីរី៕

ដោយ ឈូក បូរ៉ា

To Top