បច្ចុប្បន្នភាព
ពួកឧទ្ទាមតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន បានឈ្នះសង្គ្រាម និងបានចូលកាន់កាប់ប្រទេសនេះទាំងស្រុង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ និងបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ កាលពីដើមខែកញ្ញា ឆ្នាំដដែលនេះ ។
មានអាយុជិត២ខែកន្លងមកហើយ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ នៅមិនទាន់ទទួលបានការគាំទ្រ និងទទួលស្គាល់ទូលំទូលាយជាលក្ខណៈអន្តរជាតិនៅឡើយទេ ដែលនាំអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការលើឆាកអន្តរជាតិ ។
រហូតមកដល់ពេលនេះ មានតែប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងទួរគីប៉ុណ្ណោះ ដែលបានប្រកាសគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ ខណៈដែលប្រទេសផ្សេងទៀតនៅលើពិភពលោក ជាពិសេស គឺសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត នៅតែរារែក និងអល់អែកក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ។
ដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញថា ទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនព្រមប្រកាសទទួលស្គាល់រដ្ឋាភិបាលតាលីបង់ក៏ដោយ ក៏សកម្មភាពរបស់អាមេរិក និងសម្ព័ន្ធមិត្ត បានទទួលស្គាល់រដ្ឋាភិបាលតាលីបង់រួចទៅហើយ ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបង្ហាញសកម្មភាពសំខាន់២ដាច់ដោយឡែកពីគ្នា ដែលជាសកម្មភាពទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នក្រុមតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន ទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តមិនបានប្រកាសទទួលស្គាល់ក៏ដោយ ។
សកម្មភាពទី១ គណៈប្រតិភូរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួបដោយផ្ទាល់ជាមួយអ្នកតំណាងរបស់រដ្ឋាភិបាលបង់ នៅទីក្រុង ដូហា ប្រទេសកាតា កាលពីថ្ងៃអង្គារ ទី១២ ខែតុលានេះ ដើម្បីពិភាក្សាអំពីវិបត្តិមនុស្សធម៌ និងអំពីការផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅប្រទេសអាហ្វហ្កានិស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ។
នេះបង្ហាញថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធ បានទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់រួចទៅហើយ ទើបបានសម្រេចចិត្តជួបពិភាក្សាដោយផ្ទាល់ស្តីបញ្ហានៅប្រទេសអាហ្វហ្កានិស្ថាន ។
សកម្មភាពទី២ ក្នុងកិច្ចប្រជុំប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) ដែលត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍នេះដែរនៅប្រទេសអ៊ីតាលី មេដឹកនាំមកពីប្រទេស G20 បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ ស្មើនឹង១ពាន់ ២០០លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្កានិស្ថាន ។
ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) ក៏មានមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបដែរ ទោះបីជាជំនួយជាទឹកប្រាក់ ១ពាន់ ២០០លានដុល្លារអាមេរិកនោះ ត្រូវបានផ្តល់ទៅប្រទេសអាហ្វហ្កានិស្ថានតាមរយៈអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ជំនួយមនុស្សធម៌ជាទឹកប្រាក់១ពាន់លានអឺរ៉ូនេះ មិនមែនសម្រាប់រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាននោះទេ តែជាជំនួយសម្រាប់ប្រជាពលរដ្ឋរបស់ប្រទេសនេះ ។
ទោះបីជាលោកស្រី Ursula von der Leyen បាននិយាយបែបនេះក៏ដោយ ក៏រូបភាពនៃការផ្តល់ជំនួយ និងការអង្គុយនិយាយគ្នាជាមួយតំណាងរបស់រដ្ឋាភិបាលតាលីបង់ គឺជាសកម្មភាពទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់រួចទៅហើយ ។
ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណ ១ពាន់លានអឺរ៉ូ ស្មើនឹងជាង ១ពាន់ ២រយលានដុល្លារអាមេរិក នឹងត្រូវបានចែកជូនប្រជាពលរដ្ឋរបស់ប្រទេសអាហ្វហ្កានិស្ថាន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ ។
សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ពិតជាចៀសមិនរួចទេក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន ដោយសំអាងលើហេតុផលជាច្រើនពាក់ព័ន្ធនឹងប្រទេសអាហ្វហ្កានិស្ថាន ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងសម្ព័ន្ធចៀសមិនរួចនឹងការទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន គឺដោយសំអាងទៅលើហេតុផល៣យ៉ាង ។
ទី១ ប្រសិនបើសហគមន៍អន្តរជាតិ ទុកប្រទេសអាហ្វហ្កានិស្ថានចោល ដោយមិនអើពើ និងមិនយកចិត្តទុកដាក់ ប្រទេសនេះអាចក្លាយទៅជាទីលានហ្វឹកហ្វឺនផ្នែកភេរវកម្មរបស់ក្រុមភេរវករអន្តរជាតិនៅពេលខាងមុខ ដោយសារតាលីបង់ផ្តល់ទីជម្រក ។
អំពើរភេរវកម្ម នឹងរីកដុះដាលកាន់តែខ្លាំងនៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលជាការសងសឹកពីសំណាក់ក្រុមភេរវករអន្តរជាតិ និងក្រុមតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន ។
ទី២ សហគមន៍អន្តរជាតិ នឹងមិនមានព័ត៌មានពីប្រទេសអាហ្វហ្កានិស្ថាន ស្តីពីចលនាភេរវកម្ម ដែលប្រព្រឹត្តឡើងដោយក្រុមជ្រុលនិយមនានា មានអង្គការភេរវកម្ម អាល់កៃដា ក្រុមរដ្ឋអ៊ីស្លាម និងក្រុមជ្រុលនិយមផ្សេងទៀតនៅទូទាំងពិភពលោក ។
អ្នកជំនាញផ្នែកភេរវនិយមនៅមជ្ឈិមបូព៌ា បានប៉ាន់ប្រមាណថា បច្ចុប្បន្ននេះ មានក្រុមភេរវនិយមរហូតដល់ជិត ៣០ក្រុម និងមានសមាជិកសកម្មចន្លោះពី១០ម៉ឺននាក់ទៅ២៥ម៉ឺននាក់ នៅទូទាំងពិភពលោក ដោយគ្រាន់តែសកម្មភាពភេរវកម្មស្ងប់ស្ងាត់បន្តិចប៉ុណ្ណោះ ។
ទី៣ វិបត្តិមនុស្សធម៌អាចនឹងមានលក្ខណៈកាន់តែធ្ងន់ធ្ងរនៅប្រទេសអាហ្វហ្កានិស្ថាន ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវដួលរលំ ដែលរុញច្រានអោយកំណើនប្រជាពលរដ្ឋអត់ឃ្លាន កើនឡើងកាន់តែខ្ពស់នៅក្នុងប្រទេសនេះ ។
ប្រសិនបើវិបត្តិមនុស្សធម៌កើតឡើងកាន់តែធ្ងន់ធ្ងរនៅប្រទេសអាហ្វហ្កានិស្ថាន សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងត្រូវទទួលរងការស្តីបន្ទោសយ៉ាងខ្លាំង នៅពេលខាងមុខ ដោយសារតែសុខចិត្តឈរអោយដៃមើលប្រជាពលរដ្ឋអាហ្វហ្កានិស្ថានអត់បាយស្លាប់ ដោយសារតែស្អប់រដ្ឋាភិបាលតាលីបង់ ៕
ដោយ៖ អ៊ី ជិន