ព័ត៌មានអន្តរជាតិ

យោធាមីយ៉ានម៉ា នឹងមិនអនុញ្ញាតឲ្យ ប្រេសិតអាស៊ាន ជួបលោកស្រី អ៊ុង សានស៊ូជី

បរទេស៖ យោធាមីយ៉ានម៉ា ដែលកំពុងកាន់អំណាច តាមសេចក្តីរាយការណ៍ នឹងមិនរារាំងប្រេសិតពិសេស របស់សមាគមអាស៊ាន ក្នុងការធ្វើទស្សនកិច្ច ប្រទេសខ្លួននោះទេ ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យ ជួបជាមួយអតីត មេដឹកនាំមីយ៉ានម៉ា គឺលោកស្រី អ៊ុង សានស៊ូជី ព្រោះតែលោកស្រី ជាប់ចោទបទឧក្រិដ្ឋ។

មន្ត្រីនាំពាក្យ របបយោធា លោក Zaw Min Tun នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ ដោយយោធាកាលពីថ្ងៃពុធ បាននិយាយប្រាប់ថា ការពន្យាពេលនៅអង្គការសហប្រជាជាតិ ចំពោះការអនុម័តការតែងតាំង ឯកអគ្គរដ្ឋទូត រដ្ឋាភិបាលយោធា ប្រចាំនៅអង្គការសហប្រជាជាតិ គឺមានបំណងបែបនយោបាយ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនេះ បាននិយាយបន្តទៀតថា អង្គការសហប្រជាជាតិ ប្រទេសនិងអង្គការដទៃទៀត គួរតែចៀសវាងការបង្កើន ស្តង់ដារទ្វេដង នៅពេលដែលពួកគេ ចូលរួមពាក់ព័ន្ធក្នុងកិច្ចការអន្តរជាតិ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់មន្ត្រីនាំពាក្យរូបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលសម្ពាធ អន្តរជាតិកើនឡើង លើរបបយោធាមីយ៉ានម៉ា ឲ្យអនុវត្តផែនការសន្តិភាព៥ចំណុច ដែលលោកឧត្តមសេនីយ៍ Min Aung Hlaing បានយល់ព្រមកាលពីខែមេសា ជាមួយសមាគមៃអាស៊ាន៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×