បរទេស៖ អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម កម្ពស់១៣ជាន់ បានឆាបឆេះ នៅទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយយ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ និង ៤៤ នាក់បានរងរបួស នៅក្នុងហេតុការណ៍ អគ្គិភ័យឆេះអគារនេះ ។ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន Focus Taiwan ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍គឺមានអ្នកពន្លត់អគ្គីភ័យចំនួន ១៥៩ នាក់ត្រូវបានបញ្ជូនទៅពន្លត់ភ្លើង។
បើតាមទិន្នន័យបឋម ភ្លើងបានឆាបឆេះនៅជាន់ទី១ បន្ទាប់ពីនោះវាបានឆាបឆេះ រចនាសម្ព័ន្ធទាំងមូល។ អគារជាន់ទី៧ដល់ជាន់ទី១១ មានផ្ទះជួលដោយគ្រួសារ អ្នកមានចំណូលទាប។ សរុបមកមនុស្សជាង ១០០នាក់ បានរស់នៅ ក្នុងអគារនេះ ដែលភាគច្រើន នៃពួកគេគឺជាមនុស្សចាស់៕
ប្រែសម្រួលៈ ណៃ តុលា