ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថាកិច្ចព្រមព្រៀងសន្ដិសុខ AUKUS គំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា កិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី ហៅកាត់ថា AUKUS ដែលជាដៃគូសន្តិសុខរវាងអូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក ពិតជាធ្វើឱ្យ ប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

លោក បានលើកឡើងថា “នៅក្នុងគំនិតរបស់ខ្ញុំវាជាការល្អ ដែលមានមិត្តភក្តិជាមួយគ្នា ប៉ុន្តែអាក្រក់ ដែលត្រូវធ្វើជាមិត្ត នឹងនរណាម្នាក់។ នេះជាការធ្វើឱ្យប៉ះពាល់ ដល់ស្ថិរភាព ដែលយើងទាំងអស់គ្នា និយាយហើយ យើងទាំងអស់គ្នាយកចិត្តទុកដាក់ ។

លោកបានបន្ដថា លោកសង្ឃឹមថា ស្ថានការណ៍នឹងមិនវិវត្តទៅ តាមសេណារីយ៉ូ ដែលមិនអាចទាយទុកជាមុនបាន ហើយនឹងមិនបង្កឱ្យមានភាពតានតឹង បន្ថែមនៅក្នុងតំបន់ឡើយ ។

អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសបង្កើតភាព ជាដៃគូ AUKUS នៅថ្ងៃទី ១៥ ខែកញ្ញា ហើយក្រោមការរៀបចំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ នឹងគាំទ្រទីក្រុងកង់បេរ៉ាក្នុងការកសាងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ។

ប្រទេសរុស្ស៊ី បានសម្តែងការ ព្រួយបារម្ភម្តង ហើយម្តងទៀត ចំពោះប្លុកថ្មីនេះ។ មន្រ្តីរុស្ស៊ីបានប្រាប់អនុរដ្ឋមន្រ្តី ការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការ នយោបាយលោកស្រី Victoria Nuland ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី នាពេលថ្មីៗនេះទៅកាន់ប្រទេសរុស្ស៊ីថា AUKUS មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់ ស្ថាបត្យកម្ម សន្តិសុខ ដែលមានស្រាប់ នៅអាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យ នៃការធ្វើឱ្យអន្តរាយ ដល់របបមិនរីកសាយភាយ ពិភពលោកផងដែរ៕

ដោយ ឈូក បូរ៉ា

To Top