ព័ត៌មានអន្តរជាតិ

មន្ត្រីសហភាពអឺរ៉ុប៖ អ៊ីរ៉ងនៅមិនទាន់ ត្រៀមខ្លួន បន្តកិច្ចពិភាក្សា ក្នុងទីក្រុងវីយែន

បរទេស៖ មន្ត្រីសហភាពអឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីវិលត្រឡប់ ធ្វើកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោក ជុំវិញកម្មវិធីនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ ហើយក្រុមចរចាថ្មី របស់អ៊ីរ៉ង់ ចង់ធ្វើការពិភាក្សាពីអត្ថបទ ដែលត្រូវដាក់ចេញ នៅពេលជួបជាមួយ សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល នាពេលពីរបីសប្ដាហ៍ទៀត។

ប្រធានផ្នែកនយោបាយ សហភាពអឺរ៉ុប លោក Enrique Mora ដែលជាប្រធានមន្ត្រី សម្របសម្រួល សម្រាប់កិច្ចពិភាក្សាគ្នានោះ បាននៅក្នុងទីក្រុងតេអេរ៉ង់ នាថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជួបសមាជិកក្រុមចរចា នុយក្លេអ៊ែរបស់អ៊ីរ៉ង់ ក្រោយរយៈពេល៤ខែ បន្ទាប់ពីកិច្ចពិភាក្សា ត្រូវបានផ្អាក រវាងអ៊ីរ៉ង់និងមហាអំណាច ពិភពលោក។

រហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្វើការបដិសេធមិនបន្តកិច្ចពិភាក្សាគ្នាដោយប្រយោលជាមួយអាមេរិក ក្នុងទីក្រុងវីយែន ស្តីពីភាគីទាំងពីរ វិលអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលរារាំងដល់កម្មវិធី នុយក្លេអ៊ែ អ៊ីរ៉ង់ ជាថ្នូរនៃការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

តាមសេចក្តីរាយការណ៍ មន្ត្រីអឺរ៉ុបរូបនោះ បាននិយាយប្រាប់ដូច្នេះថា “ពួកគេទទូចថា ពួកគេមិនចង់បានកិច្ចពិភាក្សា សម្រាប់តែការនិយាយគ្នានោះទេ ពួកគេចង់បានការនិយាយគ្នា មានលទ្ធផលជាក់លាក់ និងមានកិច្ចព្រមព្រៀងចុងក្រោយ ស្តីពីវិធីនាំឲ្យ កិច្ចព្រមព្រៀង JCPOA វិលមករស់ម្តងទៀត”៕

ប្រែសម្រួល៖ប៉ាង កុង

To Top