បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានដេញនាវាពិឃាតរបស់ទ័ពជើងទឹកអាមេរិកមួយគ្រឿង មិនឲ្យបំពានចូលក្នុងដែនទឹករុស្ស៊ី ស្ថិតនៅជិតសមុទ្រជប៉ុន នៅក្នុងអំឡុងសហសមយុទ្ធយោធាមូស្គូនិងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា នាវារុស្ស៊ី Admiral Tributs ដែលជាំនាវាប្រឆាំងនាវាមុជទឹកដ៏ធំបំផុតនៃកងនាវាប៉ាស៊ីហ្វិក បានរារាំងមិនឲ្យនាវាអាមេរិក USS Chafee ធ្វើដំណើរចូលក្នុងដែនទឹកគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ។
នាវា USS Chafee ដែលជានាវាពិឃាតថ្នាក់ Arleigh Burke បានកំពុងធ្វើប្រតិបត្តិការនៅក្នុងសមុទ្រជប៉ុន អស់រយៈពេលជាច្រើនថ្ងៃ និងមានបំណងធ្វើដំណើរឆ្លងចូលក្នុងតំបន់មួយដែលបិទមិនឲ្យនាវាធ្វើដំណើរ ព្រោះតែការបាញ់កាំភ្លើងធំពីសហសមយុទ្ធ Joint Sea 2021 របស់រុស្ស៊ីនិងចិន។
ប៉ុន្តែយោងតាមកាសែតរុស្ស៊ី TASS បើទោះជាមានការព្រមានក៏ដោយ នាវា បានបង្កើនសកម្មភាពជាសញ្ញាបង្ហាញថា ឧទ្ធម្ភាគចក្រមួយ នឹងហោះចេញពីនាវា ដែលនោះមានន័យថា ទិសដៅនិងល្បឿងរបស់នាវា នឹងគ្មានការផ្លាស់ប្តូរនោះទេ ហើយវាអាចនឹងបំពានព្រំដែនទឹករបស់រុស្ស៊ី។
ជាការឆ្លើយតប នាវារុស្ស៊ី Admiral Tributs បានធ្វើដំណើរឆ្ពោះទៅរកនាវា USS Chafee ដេញវាចេញពីដែនទឹករបស់ប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង
