ព័ត៌មានអន្តរជាតិ

រុស្ស៊ី មិនរំពឹងទុកថា សន្ទនាគ្នាជាមួយ នឹងក្រុមតាលីបង់ នឹងទទួលលទ្ធផល ជាដុំកំភួន

មូស្គូ៖ តំណាងពិសេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រាប់កិច្ចការងារនៅអាហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការថ្លែងលើកឡើងថា រុស្ស៊ី នឹងមិនរំពឹងទុកទេថា នឹងទទួលបានលទ្ធផល ជាដុំកំភួនណាមួយនឹងកើតឡើង ចំពោះកិច្ចប្រជុំ ជាមួយនឹងក្រុមតាលីបង់ឡើយ នាសប្តាហ៍ក្រោយ ដែលគ្រោងប្រារព្ធធ្វើឡើង ក្នុងទីក្រុងមូស្គូ។

មន្ត្រីជាន់ខ្ពស់រុស្សីលោក Zamir Kabulov បានបញ្ជាក់ជាមួយនឹងភ្នាក់ងារសារព័ត៌មាន ក្នុងស្រុករបស់រុស្ស៊ីថា ក្រុមតាលីបង់បានបញ្ជាក់ហើយថា នឹងចូលរួមកិច្ចប្រជុំពិភាក្សាគ្នាមួយ ជាមួយនឹងរុស្ស៊ី នៅសប្តាហ៍ក្រោយថ្ងៃពុធ ប៉ុន្តែមិនបានបង្ហើបប្រាប់ ពីសមាសភាគនៃសមាជិក និងក្រុមគណប្រតិភូរូបណាខ្លះ នៅឡើយ។

លោកបាននិយាយបែបនេះថា៖ ពួកយើងមិនសង្ឃឹមទុកថា នឹងលទ្ធផលជាវិជ្ជមានណាមួយ នឹងកើតឡើងរវាងរុស្ស៊ី និងក្រុមតាលីបង់ឡើយ ហើយយើងជឿជាក់ថា ដំណើរនេះនឹងកើតឡើង ក្នុងរយៈពេលមួយដ៏វែង។

លោកក៏បានបន្តដែរថា ដោយឡែកជំនួបផ្សេងទៀតដាច់ពីគ្នា ជាមួយនឹងសហរដ្ឋអាមេរិក ចិន និងប៉ាគិស្ថាន នឹងធ្វើឡើងនៅថ្ងៃអង្គារ នៅក្នុងទីក្រុងមូស្គូដូចគ្នា ដើម្បីដោះស្រាយបញ្ហា នៅអាហ្គានីស្ថានដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top