ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កងទ័ពអ៊ីស្រាអែល បង្កើតមូលដ្ឋានសម្ងាត់ដើម្បី តាមដានសកម្មភាពរបស់អ៊ីរ៉ង់

បរទេស៖ គេហទំព័រព័ត៌មាន Walla បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល បានបង្កើតមូលដ្ឋានស៊ើបការណ៍និងវិភាគ ដើម្បីតាមដានសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំមូលដ្ឋានសម្ងាត់ បំផុតរបស់មន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល និងក្រុមអ្នកវិភាគ ត្រូវបានបើកដំណើរការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារលទ្ធផលនៃការកែទម្រង់ប្រព័ន្ធស៊ើបការណ៍ សម្ងាត់តាមបែបវិទ្យាសាស្ត្រ។ គេហទំព័រព័ត៌មាននេះបាននិយាយថា ពួកគេកំណត់ និងវិភាគសកម្មភាពលាក់កំបាំងរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចោទប្រកាន់ថា មានបំណងលាក់បាំងកម្មវិធីនុយក្លេអ៊ែរ។

Walla បានបន្ថែមដោយដកស្រង់សម្តីមន្រ្តី កងទ័ពជាន់ខ្ពស់អ៊ីស្រាអែលថា អ៊ីស្រាអែលបានប្រមូលព័ត៌មាន គ្រប់គ្រាន់អំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយកត់សម្គាល់ថា បុគ្គលិកមូលដ្ឋាន ប្រើភាពវ័យឆ្លាតសិប្បនិម្មិត និងបច្ចេកវិទ្យាចុងក្រោយដើម្បីប្រមូលនិងវិភាគទិន្នន័យ។

មូលដ្ឋាននេះក៏ដើរតួយ៉ាងសំខាន់ ក្នុងការកំណត់អត្តសញ្ញាណវត្តមាន យោធាអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងការវាយប្រហារតាមអាកាសប្រដាប់ អាវុធគាំទ្រអ៊ីរ៉ង់នៅទីនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top