បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍ ប្រព័ន្ធអាវុធទំនើប របស់ប្រទេសចិន ទន្ទឹងនឹងការបដិសេធ មិនបញ្ចេញយោបល់ដោយត្រង់ ចំពោះសេចក្តីរាយការណ៍ ដែលថា ទីក្រុងប៉េកាំង បានតេស្តមីស៊ីលលឿន ជាងសម្លេង សមត្ថភាពនុយក្លេអ៊ែ។
លោក Lloyd Austin បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងធ្វើទស្សនកិច្ច សាធារណរដ្ឋហ្សកហ្ស៊ី ដូច្នេះថា “យើងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍អាវុធ សមត្ថភាពនិងប្រព័ន្ធដ៏ទំនើបរបស់ចិន ដែលនឹងត្រឹមតែ បង្កើនភាពតានតឹង ក្នុងតំបន់”។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន SWI នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិករូបនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែផ្តោត ការយកចិត្តទុកដាក់ លើបញ្ហាប្រឈមយោធា ពីទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា លោក Lloyd Austin បានមានប្រសាសន៍យ៉ាងដូច្នោះ នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅអឺរ៉ុប ដែលមន្ទីរបញ្ចកោណនិយាយថា លោកនឹងធានាអះអាងជាថ្មី ចំពោះសម្ពន្ធមិត្តនិងដៃគូនានា ស្តីពីការប្តេជ្ញា របស់អាមេរិក ចំពោះអធិបតេយ្យភាព របស់ពួកគេ ក្នុងទីចំពោះមុខ នៃភាពគឃ្លើនរបស់រុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង