ព័ត៌មានអន្តរជាតិ

ក្រុមដឹកនាំ ដោយរុស្ស៊ី ប្រារព្ធធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ នៅជិតព្រំដែន តាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន

បរទេស៖ ប្លុកសន្តិសុខ ក្រោយសម័យសូវៀត ដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើម សមយុទ្ធយោធា ដ៏ធំបំផុតរបស់ខ្លួន ជិតព្រំដែន តាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទ ស្របពេលមានភាពតានតឹង ឆ្លងព្រំដែន នៅមុនកិច្ចពិភាក្សាគ្នា រវាងថ្នាក់ដឹកនាំ តាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន និងមហាអំណាច ក្នុងតំបន់នានា។

មិនដូចគ្នានឹងប្រទេសជិតខាង ភាគខាងជើងអាហ្វហ្គានីស្ថាន ដទៃផ្សេងទៀត ដែលទទួលស្គាល់ ការដឹកនាំ របស់ពួកតាលីបង់ និងបានចាប់ផ្តើមកសាង ចំណងមិត្តភាព ថ្នាក់ការងារជាមួយ ទីក្រុងកាប៊ុលនោះ ប្រទេសតាហ្ស៊ីគីស្ថាន បានបដិសេធមិនទទួលស្គាល់ ចលនាឥស្លាម និងមានសេចក្តីរាយការណ៍ នៃការបង្កើនកម្លាំងទ័ព នៅតាមសងខាង ព្រំដែនប្រទេសទាំងពីរ។

ក្រសួងការពារជាតិ របស់ប្រទេសតាហ្ស៊ីគីស្ថាន និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សមយុទ្ធដែលធ្វើឡើង ដោយអង្គការ សន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO នេះ នឹងមានការចូលរួម ដោយលយោធាជាង៥.០០០នាក់ ហើយជាងពាក់កណ្ដាល គឺជាទាហានរបស់រុស្ស៊ី។

គួរបញ្ជាក់ថា សមយុទ្ធយោធា រយៈពេល៦ថ្ងៃនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានសមយុទ្ធទ្រង់ទ្រាយតូចៗ ជាបន្តបន្ទាប់ ធ្វើឡើងដោយរុស្ស៊ីនិងសម្ពន្ធមិត្ត នៅអាស៊ីកណ្ដាល នៅជិតព្រំដែនអាហ្វហ្កានីស្ថាន ក្នុងខែសីហានិងខែកញ្ញា៕

ប្រែសម្រួល៖ប៉ាង កុង

To Top