ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសមិនចូលរួម កិច្ចពិភាក្សា ស្ដីពីអាហ្វហ្គានីស្ថាន ដែលធ្វើជាម្ចាស់ផ្ទះ ដោយរុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សា ស្តីពីអាហ្វហ្គានីស្ថាន ដែលរៀបចំដោយរុស្ស៊ី នៅសប្តាហ៍នេះទេ នេះវើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា“ យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាទីក្រុងម៉ូស្គូនោះទេ” ។ “Troika-plus គឺជាវេទិកាប្រកបដោយប្រសិទ្ធភាពមួយ។ យើងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកានោះទៅមុខ ប៉ុន្តែយើងមិនមានលទ្ធភាពចូលរួមក្នុងសប្តាហ៍នេះទេ” ។

លោក Price បានលើកឡើងថា សហរដ្ឋអាមេរិក មិនអាចចូលរួមក្នុងកិច្ចចរចានេះបាននោះទេដោយសារតែមានបញ្ហាផ្នែកភស្តុភារ។ លោកបន្ថែមថា ភាគីអាមេរិក គាំទ្រដំណើរការនេះ។

ទន្ទឹមនឹងនេះដែររដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken នៅថ្ងៃក្រោយបានប្រកាសថាអ្នកតំណាងពិសេសអាមេរិក សម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថានលោក Zalmay Khalilzad កំពុងចាកចេញពីតំណែង ហើយនឹងត្រូវជំនួសដោយអនុប្រធានរបស់លោក គឺលោក Thomas West។

ការចាកចេញរបស់លោក Khalilzad ដែលបានបម្រើការជាបេសកជនពិសេស សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានកើតឡើងមិនដល់ពីរខែ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីប្រទេសចេញពីអាហ្វហ្គានីស្ថាន។

បេសកជនពិសេសរុស្ស៊ី ប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានលើកឡើងថា ប្រទេសរុស្ស៊ី បានអញ្ជើញសហរដ្ឋអាមេរិក ឱ្យចូលរួមក្នុងកិច្ចពិភាក្សានាពេលខាងមុខ ស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងម៉ូស្គូ ដែលនឹងផ្តោតលើការកសាងឡើងវិញក្រោយជម្លោះ និងជំនួយមនុស្សធម៌៕

ដោយ ឈូក បូរ៉ា

To Top