ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី មានក្តីព្រួយបារម្ភ ជុំវិញផែនការ នាវាមុជទឹកនុយក្លេអ៊ែ អូស្ត្រាលី

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ជុំវិញការសម្រេចចិត្តរបស់អូស្ត្រាលី ទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែ បើទោះជាអាវុធនុយក្លេអ៊ែ មិនមែនជាផ្នែក នៃផែនការនោះក៏ដោយ នេះបើតាមសម្តី របស់រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី នៅថ្ងៃចន្ទ។

ដោយសំដៅ ដល់កិច្ចព្រមព្រៀង Aukus ជាសន្ធិសញ្ញាសន្តិសុខត្រីភាគី បានព្រមព្រៀងគ្នា បង្កើតឡើងកាលពីខែមុន រវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេសនោះ លោក Saifuddin Abdullah បានមានប្រសាសន៍ប្រាប់ថា ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ មានក្តីព្រួយបារម្ភប្រហាក់ប្រហែលគ្នា ស្តីពីផលប៉ះពាល់របស់វា។

លោក Saifuddin បាននិយាយប្រាប់សហសន្និសីទកាសែតមួយ ក្រោយជួបលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដូច្នេះថា “យើងព្រមព្រៀងគ្នាលើបញ្ហាដ៏ថ្មីបំផុតក្នុងតំបន់ ពាក់ព័ន្ធនឹងប្រទេសមួយនៅជិតទឹកដីរបស់យើង ដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មី”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ បានមានប្រសាសន៍បន្តថា “បើទោះជាប្រទេសនោះ មិនមានសមត្ថភាព សម្រាប់អាវុធនុយក្លេអ៊ែក៏ដោយ ប៉ុន្តែយើងនៅតែមានក្តីព្រួយបារម្ភ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top