បរទេស៖ រដ្ឋសភានៃប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ បានអនុម័តច្បាប់ ដើម្បីពង្រឹងភាពឯករាជ្យ នៃការិយាល័យ ប្រឆាំងអំពើពុករលួយជាតិ NABU ដោយមានការគាំទ្រ ដោយលោកខាងលិច ដែលជាតម្រូវការមួយ សម្រាប់ឲ្យទីក្រុងគៀវ ទទួលបានប្រាក់កម្ចីបន្ថែម ពីមូលនិធិរូបិយប័ណ្ណ អន្តរជាតិ ក្រោមកិច្ចព្រមព្រៀង កម្ចី៥ពាន់លានដុល្លារ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ដែលបង្កើតយន្តការថ្មី សម្រាប់របៀបដែលថ្នាក់ដឹកនាំនៃការិយាល័យប្រឆាំងអំពើពុករលួយនេះ ត្រូវបានតែងតាំងនោះ នាពេលបច្ចុប្បន្ន ត្រូវតែមានការចុះហត្ថលេខាពីលោកប្រធានាធិបតី Volodymyr Zelenskiy ដើម្បីដាក់ឲ្យអនុវត្តជាធរមាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅ សមាជិករដ្ឋសភារបស់ប្រទេសអ៊ុយក្រែន បានធ្វើការអនុម័តច្បាប់កាត់ទោសដាក់ពន្ធនាគារ លើមន្ត្រីណាដែលលាក់បាំងមិនធ្វើការប្រកាសទ្រព្យសម្បត្តិពិតរបស់ខ្លួន។
តាមសេចក្តីរាយការណ៍ ការអនុម័តច្បាប់ដាក់ពន្ធនាគារ មន្ត្រីលាក់បាំងទ្រព្យសម្បត្តិនោះ គឺជាតម្រូវការសម្រាប់រដ្ឋាភិបាល ដើម្បីទទួលបានកម្ចីបន្ថែម ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ ស្ថិតក្រោមកម្មវិធី៥ពាន់លានដុល្លារនោះដែរ៕
ប្រែសម្រួល៖ប៉ាង កុង