ព័ត៌មានអន្តរជាតិ

មេដឹកនាំប៉ាឡេស្ទីន បញ្ជាក់ថាស្ថានភាព នៅក្នុងប្រទេស របស់លោកបច្ចុប្បន្ន គឺគ្មាននិរន្ដរភាពនោះទេ ហើយមិនអាចបន្ដ បែបនេះទៀតទេ

រ៉ាម៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតី ប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ន នៅក្នុងទឹកដីប៉ាឡេស្ទីន គឺមិនមាននិរន្តរភាព ហើយមិនអាចបន្តដូច នេះទៀតនោះទេ ។

យោងតាម WAFA លោក អាបាស់ បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Ann Christin Linde នៅការិយាល័យរបស់លោក ក្នុងទីក្រុងរ៉ាម៉ាឡា តំបន់វេសបែង ។

ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះ បានអំពាវនាវឱ្យចាប់ផ្តើមដំណើរការនយោបាយជាបន្ទាន់ ក្រោមការឧបត្ថម្ភ របស់ក្រុម Quartet អន្តរជាតិ សម្រេចបាននូវភាពស្ងប់ស្ងាត់ ពេញលេញ ជាមួយអ៊ីស្រាអែល និងបញ្ឈប់រាល់សកម្មភាព អរិភាពប្រឆាំងនឹង ជនជាតិប៉ាឡេស្ទីន។

លោកអាបាស់ បានព្រមានថា“ អ៊ីស្រាអែល ទទូចឱ្យបន្តគោល នយោបាយពង្រីកការតាំង ទីលំនៅរបស់ខ្លួន និងអនុវត្តវិធានការ ដាក់ទណ្ឌកម្មប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់វេសប៊ែង ហ្សេរុយសាឡឹមខាងកើត និង ហ្គាហ្សាស្ទ្រីប” ។

លោកបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ជួយប៉ាឡេស្ទីន សម្រេចបាននូវសិទ្ធិស្របច្បាប់ របស់ពួកគេ និងដាក់សម្ពាធឱ្យអ៊ីស្រាអែល បញ្ឈប់គោលនយោបាយ របស់ខ្លួនប្រឆាំងនឹង ជនជាតិប៉ាឡេស្ទីន។

លោកស្រីដែលកំពុងបំពេញ ទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេស ប៉ាឡេស្ទីន បានលើកឡើងថា ប្រទេសស៊ុយអែត នឹងបន្តគាំទ្រសន្តិភាព និងស្ថិរភាព តាមរយៈការចរចា ស្របតាមចក្ខុវិស័យរបស់រដ្ឋទាំងពីរ ៕

ដោយ ឈូក បូរ៉ា

To Top