ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង បានកំណត់គោលដៅទៅ លើមូលដ្ឋានទ័ពអាមេរិក នៅតំបន់ al-Tanf ភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មាននេះ បានចុះផ្សាយថា ការផ្ទុះជាច្រើនបានធ្វើឱ្យមូលដ្ឋានទ័ពអាមេរិក ជាលទ្ធផលនៃការវាយប្រហារនេះ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។
សម្រាប់ក្រុមរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានរាយការណ៍ពីការផ្ទុះនេះដែរ ដោយលើកឡើងថា វាមិនទាន់ច្បាស់នៅឡើយទេថា តើការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ឬក៏អត់។
គួរកត់សម្គាល់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារ ថ្មីៗរបស់ខ្លួនពីលើតំបន់ al-Tanf ដោយផ្តោតលើទីតាំង របស់យុទ្ធជនគាំទ្រអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅឆ្នាំ ២០១៦ សហរដ្ឋអាមេរិក បានបង្កើតមូលដ្ឋាននៅ al-Tanf ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ត្រីកោណ នៃតំបន់ព្រំដែនរវាងស៊ីរី អ៊ីរ៉ាក់ និងហ្ស៊កដានី។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសស៊ីរី ដោយចាត់ទុកថា វត្តមានរបស់ខ្លួន“ ខុសច្បាប់”៕ ដោយ ឈូក បូរ៉ា