ព័ត៌មានអន្តរជាតិ

ចិនជំរុញអាមេរិក ឲ្យជៀសវាងការផ្ញើសញ្ញាខុស ស្តីពីតៃវ៉ាន់

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានជំរុញសហរដ្ឋអាមេរិកឲ្យជៀសវាងការផ្ញើសញ្ញាខុសណាមួយ ឲ្យដល់អ្នកគាំទ្រភាពឯករាជ្យរបស់តៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា សហរដ្ឋអាមេរិក នឹងចូលការពារតៃវ៉ាន់។


មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន គ្មានទីទំនេរសម្រាប់សម្បទាន នៅពេលនិយាយដល់ផលប្រយោជន៍ ស្នូលរបស់ខ្លួននោះទេ។


គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើកោះលទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារពីចិន ហើយនេះជាការប្រកាសមួយទទួលបានការសាទរពីទីក្រុងតៃប៉ិ តែបង្កឲ្យទីក្រុងប៉េកាំងខឹង។


ចំណែកកោះតៃវ៉ាន់ ក្រោយការថ្លែងបែបនោះរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនោះ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉មនឹងសម្ពាធ ឬក៏រុលទៅមុខនៅពេលទទួលបានការគាំទ្រនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top