រ៉ូម៖ អាជ្ញាធរនៃទីក្រុង Anguillara Veneta ភាគខាងជើងនៃប្រទេសអ៊ីតាលី កំពុងពិចារណាផ្តល់សិទ្ធិឱ្យប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលជីតារបស់គាត់បានកើតនៅទីនោះ សម្រាប់ឋានៈជាពលរដ្ឋកិត្តិយស។ នេះបើតាម សមាជិកក្រុមប្រឹក្សាតំបន់ Veneta លោក Luciano Sandona បានប្រាប់ Sputnik កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Vittorio Bolzonaro កើតនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 1878 នៅភូមិ Anguillara Veneta ហើយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសប្រេស៊ីល នៅអាយុ ១០ឆ្នាំ ដែលនាមត្រកូលរបស់គាត់ត្រូវបាន ផ្លាស់ប្តូរនៅពេលក្រោយដើម្បីឱ្យសម នឹងការបញ្ចេញសំឡេងសម្រាប់អ្នកក្នុងស្រុក។
ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមរបស់អាជ្ញាធរមូលដ្ឋាននេះ ក៏បានរងការរិះគន់យ៉ាងខ្លាំងផងដែរ ពីអ្នកតំណាងដ៏លេចធ្លោនៃកងកម្លាំងឆ្វេងនិយមនៅក្នុងតំបន់ Veneto ។
លេខាធិការនៃអង្គការប្រចាំតំបន់នៃ គណបក្សប្រជាធិបតេយ្យ លោក Alessandro Bisato បាននិយាយថា សំណើនេះគឺជា “ការប្រមាថ” ហើយអ្នករស់នៅក្នុងទីក្រុង “មិនសមនឹងទទួលបាន ភាពល្ងង់ខ្លៅបែបនេះទេ” ។ Vanessa Camani សមាជិកក្រុមប្រឹក្សាតំបន់ Veneto មកពីគណបក្ស ប្រជាធិបតេយ្យបានសង្កត់ធ្ងន់ថា សំណើនេះមិនអាចទទួលយកបានទេ ពីព្រោះប្រធានាធិបតីប្រេស៊ីលគឺជា «អ្នករើសអើងជាតិសាសន៍ និងជាអ្នកដែលស្អប់ខ្ពើមមនុស្សស្រី»៕
ប្រែសម្រួលៈ ណៃ តុលា