ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ យោធាលោកខាងលិច គាំទ្រអ៊ុយក្រែន គម្រាមកំហែងរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ការអភិវឌ្ឍយោធា របស់ប្រទេសអ៊ុយក្រែន ដោយមានការគាំទ្រ ពីលោកខាងលិចបង្ហាញ ពីការគម្រាមកំហែង ពិតប្រាកដ ចំពោះទីក្រុងមូស្គូ ។

នៅក្នុងអំឡុងកិច្ចប្រជុំមួយ របស់ក្លិបពិភាក្សា Valdai Discussion Club ក្នុងទីក្រុង Sochi លោក ពូទីន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ភាពជាសមាជិកផ្លូវការ របស់ប្រទេសអ៊ុយក្រែន ក្នុងអង្គការណាតូ នឹងមិនអាចកើតមាននោះទេ ប៉ុន្តែដំណើរអភិវឌ្ឍន៍ យោធាលើទឹកដី គឺកំពុងតែប្រព្រឹត្ត ទៅរួចបាត់ទៅហើយ” ។

គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងអង្គការសម្ពន្ធមិត្តយោធា ណាតូ និងប្រទេសរុស្ស៊ី ក្នុងរយៈពេលថ្មីៗនេះ បានតានតឹងឡើង ហើយទំនាក់ទំនងផ្លូវការ ត្រូវបានកំណត់ឲ្យមានកម្រិត ចាប់តំាងពីទីក្រុងមូស្គូ គ្រប់គ្រងលើឧបទ្វីបគ្រីមា របស់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៤ ។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ដូច្នេះថា “នេះពិតជាបង្កការគម្រាម កំហែងដល់រុស្ស៊ី ហើយយើងដឹងពីរឿងនោះ”។ លោកបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងគៀវ នៅក្នុងសប្ដាហ៍នេះ បានត្រួសត្រាយផ្លូវ ដ៏មានប្រសិទ្ធភាព ឲ្យអ៊ុយក្រែនចូលរួម ក្នុងអង្គការណាតូ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top