អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនមានការភ័យខ្លាច ចំពោះមហន្តរាយសិទ្ធិមនុស្ស កាន់តែខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានសេចក្តីរាយការណ៍ អំពីទាហានរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នា នៅភាគខាងជើង នៃប្រទេសអាស៊ីអាគ្នេយ៍នេះ ដែលមានភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា លោក Tom Andrews បានលើកឡើងថា “យើងទាំងអស់គ្នាគួរតែត្រៀមខ្លួន ខណៈដែលប្រជាជន នៅក្នុងផ្នែកនេះនៃប្រទេសមីយ៉ាន់ម៉ា នឹងអាចរងគ្រោះ ដោយឧក្រិដ្ឋកម្មដ៏ឃោរឃៅ កាន់តែច្រើន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខ្ញុំលើកឡើងនេះវាខុស” ។
យោងតាមក្រុមឃ្លាំមើល ក្នុងតំបន់បានឱ្យដឹងថា ជនស៊ីវិលជាង១.១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបដ៏បង្ហូរឈាម របស់ប្រទេសនេះមកលើអ្នកប្រឆាំង និងជាង៨.០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារ ៕
ដោយ៖ ម៉ៅ បុប្ផាមករា