ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អាមេរិក ដែលប្ដេជ្ញាការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ

តូក្យូ៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ការប្តេជ្ញាចិត្ តនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីការពារតៃវ៉ាន់ ប្រសិនបើកោះនេះ ត្រូវបានវាយប្រហារដោយប្រទេសចិន ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមរារាំងប្រទេសសង្គមនិយម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះកាលបរិច្ឆេទនៅថ្ងៃសុក្រ អនុរដ្ឋមន្រ្តីការបរទេសលោក ប៉ាក មីយ៉ុងហូ ក៏បានសង្កត់ធ្ងន់ផងដែរថាស្ថានភាពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់“ គឺជាប់ទាក់ទងនឹងស្ថានភាព” នៅឧបទ្វីបកូរ៉េ ដោយរិះគន់សហរដ្ឋអាមេរិក ចំពោះការព្យាយាមរក្សា“ ឧត្តមភាព” របស់ខ្លួន នៅអាស៊ីបូព៌ា។

លោក ប៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េនៅថ្ងៃសៅរ៍នេះថា “តៃវ៉ាន់ គឺជាផ្នែកសំខាន់មួយនៃប្រទេសចិន” ដោយបន្ថែមថា “យើងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងជំហររបស់ពួកគេ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” ។

លោក បានលើកឡើងថាទីក្រុងវ៉ាស៊ីនតោន បានបង្កឱ្យមានភាពតានតឹងផ្នែកយោធា នៅអាស៊ីបូព៌ានិងការជ្រៀតជ្រែកដោយអចេតនារបស់សហរដ្ឋអាមេរិក ក្នុងបញ្ហាកោះតៃវ៉ាន់ ដែលអាចបង្កគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់ស្ថានការណ៍ដ៏ល្អនៅឧបទ្វីបកូរ៉េ។

កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក ប្តេជ្ញាការពារកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯងនោះ ជាក់ស្តែងផ្ទុយពីគោលនយោបាយដ៏យូរអង្វែងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាជំហររបស់ខ្លួនលើបញ្ហាមិនច្បាស់លាស់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន បានប្រតិកម្មយ៉ាងរហ័ស ចំពោះសុន្ទរកថារបស់លោក បៃដិន នៅថ្ងៃសុក្រម្សិលមិញនេះដោយលើកឡើងថា“ គ្មាននរណាម្នាក់គួរមើលស្រាលការតាំងចិត្ត និងឆន្ទៈដ៏ម៉ឺងម៉ាត់ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ” ។

ប្រទេសចិន និងតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាក្នុងឆ្នាំ១៩៤៩ ដែលជាលទ្ធផលនៃសង្រ្គាមស៊ីវិល។ ទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីលោកស្រី Tsai Ing-wen ដែលមានឯករាជ្យភាពបានក្លាយជាប្រធានាធិបតីតៃវ៉ាន់ក្នុងឆ្នាំ២០១៦៕

ដោយ ឈូក បូរ៉ា

To Top