បរទេស៖យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង ដោយសភាពាណិជ្ជកម្ម នៃប្រទេសលីបង់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសលីបង់ និងប្រទេសអាហ្សង់ទីន បានឈានទៅដល់កិច្ចព្រមព្រៀង ជារួមមួយ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យឯកជន។
នៅក្នុងអំឡុងពេល នៃជំនួបគ្នារវាងរដ្ឋទូតអាហ្សង់ទីន ប្រចាំនៅក្នុងប្រទេសលីបង់លោក Mauricio Alice និងលោក Mohammad Choucair ប្រធានសភាជាតិនៃប្រទេសលីបង់ ភាគីទាំងសងខាង បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម នៃវិស័យឯកជនទាំងអស់ជាមួយគ្នា ដើម្បីអាចទទួលបានអត្ថប្រយោជន៍រួមគ្នា កាន់តែច្រើនឡើង។
លោក Choucair បានធ្វើការស្នើសុំផងដែរ ទៅកាន់ប្រទេសអាហ្សង់ទីន ក្នុងការទទួលយកមុខ អាជីវកម្មរបស់ខ្លួន កាន់តែច្រើនដើម្បីអាចជួយសម្រួលឲ្យ ទំនិញនិងផលិតផលទាំងឡាយ របស់លីបង់អាចធ្វើដំណើរ ទៅដល់ទីផ្សារក្នុងតំបន់ កាន់តែច្រើនជាងនេះផងដែរ។
ជាការឆ្លើយតប ខាងអាហ្សង់ទីន លោក Alice បានបញ្ជាក់ថាអាហ្សង់ទីន នឹងធ្វើការងារចាំបាច់ទាំងឡាយ ដើម្បីអាចជួយសម្រួល ជាមួយនឹងអជ្ញាធរក្នុងប្រទេស របស់លោកដើម្បីអាចពង្រីកឲ្យបាន នូវកិច្ចសហប្រតិបត្តិការ កាន់តែទូលាយ ជាមួយនឹងវិស័យឯកជន របស់លីបង់៕
ប្រែសម្រួល៖ស៊ុនលី