បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz នៅពេលថ្មីៗនេះ បានប្រកាសថាអង្គការក្រៅរដ្ឋាភិបាលប៉ាឡេស្ទីនចំនួន៦ ជាអង្គការភេរវកម្ម ហើងទង្វើបែបនេះ បានបណ្ដាលឲ្យមានការថ្កោលទោសភ្លាមៗ ពីមន្ត្រីប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្សមួយចំនួន។
តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា ក្រុមដែលធ្វើប្រតិបត្តិការ ក្នុងបណ្ដាញដែលដំណើរការដោយរណសិរ្សរំដោះប៉ាឡេស្ទីនទាំងនោះ បានធ្លាក់ចូលក្នុងប្រភេទជាអង្គការភេរវកម្ម។
លោក Benny Gantz បានមានប្រសាសន៍យ៉ាងដូច្នេះថា “អង្គការសន្តិសុខនឹងបន្តធ្វើចំណាត់ការ និងបង្កើនការវាយប្រហារលើអំពើភេរវកម្ម និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅគ្រប់ទីកន្លែងទាំងអស់ និងដោយគ្រមមធ្យោបាយ។ ខ្ញុំអំពាវនាវឲ្យបណ្ដាប្រទេសលើពិភពលោកនិងអង្គការអន្តរជាតិ ជួយក្នុងការប្រយុទ្ធនេះ និងដើម្បីបញ្ចៀសការទាក់ទងជាមួយក្រុមហ៊ុននិងអង្គការ ដែលផ្គត់ផ្គង់សម្ភារៈដល់អំពើភេរវកម្ម”។
គួរបញ្ជាក់ថា ក្រុមអង្គការទាំង៦នោះ គឺអង្គការ Addameer អង្គការ al-Haq អង្គការការពារដើម្បីកុមារប៉ាឡេស្ទីន សហព័ន្ធគណៈកម្មការការងារកសិកម្ម មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ Bisan និងសហព័ន្ធគណៈកម្មការស្ត្រីប៉ាឡេស្ទីន៕