បរទេស៖ប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ស្របពេលមានការជាប់គាំងក្នុងកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ និងភាពតានតឹងជុំវិញការតេស្តមីស៊ីលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។
ដំណើរទស្សនកិច្ចរបស់លោក Sung Kim នេះ គឺត្រូវបានធ្វើឡើង ក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មីមួយ ដែលបង្កឲ្យមានការរិះគន់ពីទីក្រុងវ៉ាស៊ីនតោន និងស្នើឲ្យវិលត្រឡប់ទៅរកការពិភាក្សាគ្នា ដែលមានគោលបំណងលុបបំបាត់នុយក្លេអ៊ែកូរ៉េខាងជើង ជាថ្នូរនឺងការបន្ធូរបន្ថយទណ្ឌកម្មអាមេរិក។
លោក Sung Kim ក្រោយកិច្ចពិភាក្សាគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុន កាលពីថ្ងៃអង្គារ បានជំរុញប្រទេសកូរ៉េខាងជើង ឲ្យអត់ធ្មត់មិនធ្វើការបង្កហេតុ និងចូលរួមក្នុងកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ទីក្រុងព្យុងយ៉ាង បានបដិសេធសំណើអាមេរិក ដោយចោទទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល ពីបទធ្វើការពិភាក្សាការទូត ក្នុងខណៈបង្កឲ្យភាពតានតឹងកើនឡើង តាមរយៈសកម្មភាពយោធាខ្លួនឯងផ្ទាល់៕