ព័ត៌មានអន្តរជាតិ

សេតវិមានលើកឡើងថា គ្មានការផ្លាស់ប្តូរ គោលនយោបាយ លើតៃវ៉ាន់

បរទេស៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានលើកឡើងជាថ្មីថា លោក ចូ បៃដិន មិនមានសញ្ញាផ្លាស់ប្តូរ ក្នុងគោលនយោបាយ សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ទេ ស្របពេលដែលលោកនិយាយថា អាមេរិកនឹងចូលជួយដល់ កោះលទ្ធិប្រជាធិបតេយ្យនេះ ប្រសិនបើវារងការវាយប្រហារ ពីចិន។

ក្នុងខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវច្បាប់តម្រូវឲ្យផ្តល់ឲ្យតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួននោះ អាមេរិកក៏អនុវត្តតាមគោលនយោបាយ នៃភាពមិនច្បាស់លាស់យុទ្ធសាស្ត្រថា តើខ្លួននឹងធ្វើអន្តរគមយោធា ដើម្បីការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន ដែរឬក៏អត់។

តាមសេចក្តីរាយការណ៍ លោក បៃដិន បានធ្វើរឿងនោះឲ្យធ្លាក់ចូលក្នុងភាពងឿងឆ្ងល់ នៅពេលលោកត្រូវចោទសួរ នៅសាលព័ត៌មាន CNN ក្នុងទីក្រុង Baltimore កាលពីរាត្រីថ្ងៃព្រហស្បតិ៍ថា តើអាមេរិកនឹងចូលការពារតៃវ៉ាន់ទេ ប្រសិនបើកោះនេះរងការវាយប្រហារពីប្រទេសចិន ហើយលោកបានឆ្លើយតបថា “បាទ យើងមានការប្តេជ្ញាធ្វើបែបនោះ”។

ក្នុងរយៈពេលដ៏ខ្លីក្រោយការថ្លែង របស់លោកនោះ មន្ត្រីនាំពាក្យសេតវិមានមួយរូប បាននិយាយប្រាប់ថា គ្មានការផ្លាស់ប្តូរប្រែប្រួលក្នុងគោលនយោបាយទេ ហើយអ្នកវិភាគនិយាយថា វាហាក់ដូចជាលោកប្រធានាធិបតីបាននិយាយខុស៕

ប្រែសម្រួល៖ប៉ាង កុង

To Top