ព័ត៌មានអន្តរជាតិ

តួកគី នឹងបណ្តេញ ប្រេសិតអាមេរិក និងបុគ្គល ៩នាក់ផ្សេងទៀត

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រាប់ឲ្យក្រសួងការបរទេស របស់លោក បណ្ដេញប្រេសិតរបស់ សហរដ្ឋអាមេរិក និងរបស់ប្រទេសលោកខាងលិចចំនួន ៩នាក់ផ្សេងទៀត ដែលធ្វើការទាមទារ ឲ្យដោះលែងលោក Osman Kavala។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Ynet នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចំនួន៧ តំណាងឲ្យសម្ពន្ធមិត្តណាតូរបស់តួកគី ហើយការបណ្តេញចេញ ដែលប្រសិនបើត្រូវធ្វើឡើងនេះ នឹងបណ្ដាលឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយលោកខាងលិច ក្នុងរយៈពេលកាន់អំណាច ៩ឆ្នាំរបស់របស់លោក Erdogan។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៨ ខែតុលា ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវេស ស៊ុយអែត ហ្វាំងឡង់ នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានស្នើឲ្យមានសេចក្តីស ម្រេចឲ្យបានលឿន ចំពោះសំណុំរឿងរបស់លោក Osman Kavala និងស្នើឲ្យដោះលែងលោកជាបន្ទាន់។

គួរបញ្ជាក់ថា លោក ដែលជាអ្នករួមចំណែក ក្នុងសង្គមស៊ីវិលជាច្រើន បានជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំហើយ ដោយរងការចោទប្រកាន់ ពីបទផ្គត់ផ្គង់ហិរញ្ញវត្ថុដល់​ ការតវ៉ាទូទាំងប្រទេស នៅក្នុងឆ្នាំ២០១៣ និងពីបទជាប់ពាក់ព័ន្ធ ក្នុងរដ្ឋប្រហារបរាជ័យមួយ ក្នុងឆ្នាំ២០១៦៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top