ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួសជាច្រើននាក់ ក្នុងការតវ៉ាប្រឆាំង រដ្ឋប្រហារយោធា ស៊ូដង់

បរទេស៖ មនុស្សតិចបំផុតចំនួន៧នាក់ តាមសេចក្តីរាយការណ៍ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងប្រមាណ១៤០នាក់ ត្រូវបានរងរបួស ក្រោយទាហានធ្វើការបាញ់រះ ទៅលើហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នា ធ្វើការតវ៉ាប្រឆាំង នឹងការកាន់កាប់អំណាច របស់យោធា នៅក្នុងប្រទេសស៊ូដង់។

ក្រុមអ្នកតវ៉ាបាននាំគ្នា ប្រមូលផ្តុំលើដងផ្លូវតវ៉ា ក្រោយកងកម្លាំងប្រដាប់អាវុធ បានធ្វើការរំលាយចោលការដឹកនាំស៊ីវិល ចាប់ខ្លួនមេដឹកនាំនយោបាយនានា និងបានដាក់ប្រទេស ក្នុងគ្រាអាសន្ន កាលពីថ្ងៃចន្ទម្សិលមិញនេះ។
កងទ័ពត្រូវបានគេរាយការណ៍ថា បានធ្វើការឆែកតាមផ្ទះ នៅក្នុងរដ្ឋធានី Khartoum ដើម្បីចាប់ខ្លួនអ្នករៀបចំការតវ៉ា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការធ្វើរដ្ឋប្រហារនេះ បានបង្កឲ្យមានការថ្កោលទោសនៅជុំវិញពិភពលោក ហើយសហរដ្ឋអាមេរិក បានផ្អាកឈប់ផ្តល់ជំនួយមានទំហំទឹកប្រាក់៧០០លានដុល្លារ។

មេដឹកនាំរដ្ឋប្រហារនេះ គឺលោកឧត្តមសេនីយ៍ Abdel Fattah Burhan បានធ្វើការរិះគន់ចំពោះការប៉ះទង្គិចគ្នាផ្នែកនយោបាយ សម្រាប់សកម្មភាពយោធា។

គួរបញ្ជាក់ថា មេដឹកនាំស៊ីវិលនិងសមភាគីយោធារបស់ពួកគេ មានការខ្វែងគំនិតគ្នា ចាប់តាំងពីមេដឹកនាំកាន់អំណាចដ៏យូរ គឺលោក Omar al-Bashir ត្រូវបានគេដេញឲ្យចេញពីតំណែងកាលពី២ឆ្នាំមុនមកម្ល៉េះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top