ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា បង្អូចសម្រាប់កិច្ចចរចា ​នុយក្លេអ៊ែរអ៊ីរ៉ង់ មិនចេះតែបើករហូតនោះទេ

វ៉ាស៊ីនតោន៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ីរ៉ង់លោក Robert Malley បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ “ស្ថិតក្នុងដំណាក់កាលសំខាន់” ដោយបានរំលឹកឡើងវិញ នូវបង្អួចចរចា ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ នឹងមិនបើកចំហជារៀងរហូតនោះទេ។

លោក Malley បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងការហៅទូរស័ព្ទមួយ ដោយសំដៅទៅលើផែនការ សកម្មភាពទូលំទូលាយរួម និងត្រូវបានគេស្គាល់ជាទូទៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថា “យើងស្ថិតក្នុងដំណាក់កាលសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីមើលថាតើយើងអាចស្តារ JCPOA ឡើងវិញបានឬអត់ យើងបានផ្អាកជាច្រើនខែហើយ ហេតុផលផ្លូវការដែលផ្តល់ដោយប្រទេសអ៊ីរ៉ង់ ថាហេតុអ្វីបានជាយើង ស្ថិតក្នុងការផ្អាកនេះ”។

ការអត្ថាធិប្បាយ របស់លោក Malley បានធ្វើតាមដំណើរទស្សនកិច្ច រយៈពេលមួយសប្តាហ៍របស់លោក ទៅកាន់មជ្ឈិមបូព៌ានិងអឺរ៉ុប ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបានលើកឡើងថា សម្ព័ន្ធមិត្តនិងដៃគូ របស់សហរដ្ឋអាមេរិក បានចែករំលែក “ការព្រួយបារម្ភយ៉ាងខ្លាំង និងកាន់តែខ្លាំងឡើង” អំពីវឌ្ឍនភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោងតាមលោក Malley ការទូតនៅតែជាផ្លូវពេញចិត្ត ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏នឹងត្រូវពិចារណា លើឧបករណ៍ជំនួសផងដែរ។

លោកបានបន្ថែមថា “យើងតែងតែបើកចំហ ចំពោះការរៀបចំការទូត ជាមួយប្រទេសអ៊ីរ៉ង់ ហើយយើងជឿជាក់ថា នេះអាចដោះស្រាយបានតែការទូតប៉ុណ្ណោះ។ សំណួរគឺថាតើ JCPOA នៅតែអាចរស់ឡើងវិញបានដែរ ឬទេ” ។

មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកិច្ចចរចា ដោយប្រយោលនៅទីក្រុងវីយែន ក្នុងខែមេសានេះ ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ភាគីទាំងពីរនៅតែមាន ភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង បន្ទាប់ពីការចរចារចំនួន ៦ជុំ ដែលត្រូវបានជាប់គាំង ចាប់តាំងពីខែមិថុនា។

លោក Malley បានសង្កត់ធ្ងន់ថា បង្អួចសម្រាប់ការចរចា លើការវិលត្រឡប់ទៅកាន់ JCPOA នឹងមិនបើកចំហជារៀងរហូតនោះទេ។ “នេះមិនមែនជានាឡិកា តាមកាលប្បវត្តិនោះទេ។ វាជានាឡិកាបច្ចេកវិទ្យា។ នៅចំណុចណាមួយ JCPOA នឹងត្រូវរលាយសាបសូន្យ ព្រោះអ៊ីរ៉ង់ នឹងមានការជឿនលឿន ដែលមិនអាចត្រឡប់វិញបាន”៕ ដោយ ឈូក បូរ៉ា

To Top