ព័ត៌មានអន្តរជាតិ

អាមេរិក គាំទ្រឲ្យតៃវ៉ាន់ ចូលរួមជាថ្មីក្នុង អង្គការសហប្រជាជាតិ ក្រោយដកចេញរយៈពេល៥០ឆ្នាំ

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការគាំទ្រឲ្យកោះតៃវ៉ាន់ចូលរួមជាថ្មីក្នុងអង្គការសហប្រជាជាតិ ក្រោយគម្រប់ខួបនៃការដកចេញ៥០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។


សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃចន្ទ បានប្រារព្ធពិធីអបអរសាទ គម្រប់ខួប៥០ឆ្នាំ នៃការបោះឆ្នោតលើសេចក្តីសម្រេចអង្គការសហប្រជាជាតិលេខ២៧៥៨ ដែលអនុម័តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ដែលប្រកាសថា សាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ។


ការបោះឆ្នោតគាំទ្រៀឲ្យចិន ចូលក្នុងអង្គការ សហប្រជាជាតិនោះ បានដកអាសនៈរបស់ចិនក្នុងអង្គការពិភពលោកនេះ ពីសាធារណរដ្ឋចិន (តៃវ៉ាន់) ជារដ្ឋាភិបាលជាតិនិយម ដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់ បច្ចុប្បន្នមានប្រជាជនចំនួន២៤លាននាក់ ក្រោយចាញ់សង្គ្រាមចិនក្នុងឆ្នាំ១៩៤៩។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “កោះតៃវ៉ាន់បានក្លាយជាប្រវត្តិសាស្ត្រនៃភាពជោគជ័យលទ្ធិប្រជាធិបតេយ្យមួយ ហើយទម្រង់របស់វា គាំទ្រដល់តម្លាភាព ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលជាតម្លៃស្របតាមការកំណត់របស់អង្គការសហប្រជាជាតិ”៕


ប្រែសម្រួល៖ប៉ាង កុង

To Top