ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ កិច្ចពិភាក្សា នុយក្លេអ៊ែ នៅទីក្រុងវីយែន នឹងបន្តជាថ្មី នៅចុងខែវិច្ឆិកា

បរទេស ៖ មន្ត្រីចរចានុយក្លេអ៊ែ ជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កិច្ចពិភាក្សាពហុភាគី នៅក្នុងទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ ជាមួយមហាអំណាច ពិភពលោក នឹងបន្តជាថ្មីម្តងទៀត នៅចុងខែវិច្ឆិកាខាងមុខនេះ ។

លោក Ali Bagheri Kani ដែលបានក្លាយ ជាប្រធានមន្ត្រីចរចានុយក្លេអ៊ែថ្មី កាលពីពាក់កណ្ដាលខែកញ្ញា បានប្រកាសនូវព័ត៌មាននេះ ក្រោយជំនួបមួយ កាលពីថ្ងៃពុធ ជាមួយក្រុមមន្ត្រីអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែល ដោយនិយាយប្រាប់ថា កាលបរិច្ឆេទពិតប្រាកដ នឹងត្រូវបានប្រកាស នៅក្នុងសប្ដាហ៍ក្រោយ។
កិច្ចពិភាក្សាគ្នាចំនួន៦ជុំ ជាមួយប្រទេសចិន រុស្ស៊ី អាល្លឺម៉ង់ បារាំងនិង ចក្រភពអង់គ្លេស នៅរដ្ឋធានីនៃប្រទេសអូទ្រីស ដោយមានសហរដ្ឋអាមេរិក ចូលរួម ដោយប្រយោលនោះ បានចប់កាលពីចុងខែមិថុនា ដើម្បីអនុញ្ញាតឲ្យរដ្ឋបាល របស់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បង្កើតឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលបានប្រកាស ជាឯកតោភាគីបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេអ៊ែ នៅក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មី លើប្រទេសអ៊ីរ៉ង់នោះ អស់រយៈពេលជាច្រើនសប្ដាហ៍ មកនេះបាននិយាយថា ផ្លូវវិលត្រឡប់ទៅ រកកិច្ចពិភាក្សាគ្នា នឹងមិននៅតែបើកជារៀងរហូតនោះទេ ស្របពេល ដែលមន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេនឹងវិល ត្រឡប់មកវិញឆាប់ៗនេះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top