ព័ត៌មានអន្តរជាតិ

ចិន ប្រាប់ឲ្យអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំង ឯករាជ្យតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិន បានច្រានចោល យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ស្តីពីបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គង ទៅកាន់កងកម្លាំង “ឯករាជ្យភាពតៃវ៉ាន់” និងចាត់វិធានការជាក់ស្តែង ដើម្បីរក្សាមូលដ្ឋានគ្រឹះនយោបាយ នៃប្រទេសចិន-សហរដ្ឋអាមេរិក នេះ បើតាមអ្នកនាំពាក្យក្រសួងការបរទេស ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ស្តីពី “ការគាំទ្រការចូលរួម ដ៏មានអត្ថន័យរបស់តៃវ៉ាន់ នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ”។

លោក Zhao បានលើកឡើងថា សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានបំពានយ៉ាងខ្លាំង លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ វាប្រឆាំងនឹងការប្តេជ្ញាចិត្ត ដែលសហរដ្ឋអាមេរិកបានធ្វើ ប្រឆាំងនឹងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ និងបានបញ្ជូនសញ្ញាខុសឆ្គង យ៉ាងខ្លាំងទៅកាន់ កម្លាំងឯករាជ្យរបស់តៃវ៉ាន់។

លោក Zhao បានបន្ដថា “ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងដាច់អហង្ការ” ដោយបន្ថែមថា ប្រទេសចិន បានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់ និងបានតំណាងយ៉ាងឱឡារិក ចំពោះសហរដ្ឋអាមេរិក អំពីរឿងនេះ។

មានប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ដោយសង្កត់ធ្ងន់ថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

អ្នកនាំពាក្យបានបន្ថែមថា “ប្រទេសសរុបចំនួន ១៨០ប្រទេស រួមទាំងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃការគោរពតាមគោលការណ៍ចិនតែមួយ”។ “គោលការណ៍ចិនតែមួយ គឺជាការឯកភាព របស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យមានការប្រឈមឯកតោភាគី ឬការបំភ្លៃដោយសហរដ្ឋអាមេរិកឡើយ”៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×