តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានជំរុញឱ្យប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបង្ហាញ “ឆន្ទៈដ៏មុតមាំ” ដើម្បីត្រឡប់ទៅកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រមុខការទូតអ៊ីរ៉ង់បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃពុធថា “ផ្អែកលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយមន្ត្រីអាមេរិក នៅទីក្រុងញូវយ៉ក យើងកំពុងសន្មត់ថាលោក បៃដិន មានជំនឿល្អ” ។
នៅព្រឹកថ្ងៃពុធម្សិលមិញនេះ អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani បានប្រកាសតាមរយៈគណនី Twitter របស់លោកថា អ៊ីរ៉ង់បានយល់ព្រមបន្តការចរចា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ “មុនដំណាច់ខែវិច្ឆិកា”។
នៅក្នុងសន្និសីទសារព័ត៌មាន របស់គាត់នៅទីក្រុងតេអេរ៉ង់ លោក Amir Abdollahian បានរំលឹកថា លោកបានស្នើឱ្យសហរដ្ឋអាមេរិក ដោះលែងផ្នែកមួយនៃ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងធនាគារបរទេស ក្រោមសម្ពាធនៃទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលជាការបង្ហាញនៃ “ឆន្ទៈពិត” ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា “ខ្ញុំផ្ទាល់គិតថា ប្រសិនបើលោក បៃដិន មានឆន្ទៈដ៏ម៉ឺងម៉ាត់ លោកត្រូវតែបង្ហាញឆន្ទៈនេះ ដូច្នេះយើងអាចជឿថា ជនជាតិអាមេរិកពិតជាធ្ងន់ធ្ងរ ទាក់ទងនឹងការដកទណ្ឌកម្ម”។
លោកបានបន្ថែមថា “យ៉ាងណាក៏ដោយ កត្តាកំណត់នឹងមាន ការចរចាដោយខ្លួនឯង និងជំនាញការទូត ដែលនឹងមានវត្តមាន នៅតុចរចា” ៕
ដោយ ឈូក បូរ៉ា