បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Bloomberg ថា ការបាញ់បង្ហោះមីស៊ីល ដែលល្បឿនលឿនជាងសំឡេង ដោយប្រទេសចិន គឺបានធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភយ៉ាងខ្លាំង។ ឧត្តមសេនីយរូបនេះថា សារៈសំខាន់របស់វានៅជាប់នឹង ការបាញ់បង្ហោះផ្កាយរណប សិប្បនិមិត្តដំបូងគេ គឺ Sputnik ដោយសហភាពសូវៀត ដែលបានធ្វើឱ្យរដ្ឋាភិបាលអាមេរិក នៅពេលនោះមានការភ្ញាក់ផ្អើល ដោយសារតែវាបង្ហាញថា អាមេរិកកំពុងចាញ់ការប្រណាំង ប្រជែងផ្នែកអវកាស។
លោកថា «អ្វីដែលយើងបានឃើញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃការសាកល្បងប្រព័ន្ធអាវុធ លឿនជាងសំឡេង។ ហើយវាគួរឱ្យព្រួយបារម្ភខ្លាំងណាស់»។
សូមជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធ ចំពោះការបាញ់បង្ហោះមីស៊ីល លឿនជាងសំឡេង បានកើតឡើងដូចដែល FT បានរាយការណ៍កាលពីដើមខែនេះ។ ប្រទេសចិនទទូចថា ខ្លួនបានបាញ់បង្ហោះរ៉ុក្កែត អវកាសថ្មីដែលអាចប្រើឡើងវិញ បាននៅជុំវិញពេលវេលាដូចគ្នា ទៅនឹងរបាយការណ៍របស់ FT ៕
ប្រែសម្រួលៈ ណៃ តុលា
