ព័ត៌មានអន្តរជាតិ

ចិនជំរុញ ឲ្យធនាគារ ពិភពលោក និងមូលនិធិរូបិយប័ណ្ណ អន្តរជាតិ ជួយអាហ្វហ្គានីស្ថាន

បរទេស ៖ លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការជំរុញ ឲ្យធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណ អន្តរជាតិ បន្តផ្តល់ជំនួយឲ្យ ដល់ប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ការកសាងឡើងវិញ ។

ការដណ្ដើមអំណាច របស់ពួកតាលីបង់ នៅក្នុងខែសីហា តាមសេចក្តីរាយការណ៍ បានធ្វើឲ្យកកស្ទះប្រាក់ រាប់ពាន់លានដុល្លារ ក្នុងទ្រព្យសម្បត្តិ ធនាគារកណ្ដាល ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានផ្អាកឈប់ផ្តល់មូលនិធិឲ្យ ប៉ុន្តែជំនួយ មនុស្សធម៌ នៅតែបន្ត ។

ធនាគារនានា កំពុងតែអស់ប្រាក់ បុគ្គលិកការិយាល័យមិន ទទួលបានប្រាក់ខែ ហើយតម្លៃចំណីអាហារបានឡើងថ្លៃ ។ មូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ថា IMF បាននិយាយនៅថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេស អាហ្វហ្គានីស្ថាន ត្រៀមនឹងធ្លាក់ចុះត្រឹម៣០ភាគរយ នៅក្នុងឆ្នាំនេះ ដែលអាចនឹងបង្កឲ្យមានវិបត្តិជន ភៀសខ្លួនខ្លាំង ។

ក្នុងខណៈថ្លែងប្រាប់ ទៅក្រុមរដ្ឋមន្ត្រីការបរទេស របស់ប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន តាមវីដេអូខលនោះ លោក វ៉ាង យី បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប្រទេសអាហ្វហ្គានីស្ថាន រស់រានឡើងវិញ លើគ្រប់វិស័យទាំងអស់ ហើយដំណើរអភិវឌ្ឋន៍ គឺជាអាទិភាពកំពូល”៕
ប្រែសម្រួល៖ប៉ាង កុង

To Top