វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងឈរជាមួយពួកគេក្នុងការការពារសេរីភាពនៃសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយបានហៅសកម្មភាពរបស់ចិន ចំពោះកោះតៃវ៉ាន់ថា “បង្ខិតបង្ខំ” និងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលចូលរួមដោយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang លោក បៃដិន បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍន៍ក្របខ័ណ្ឌសេដ្ឋកិច្ចនៅក្នុងតំបន់ នេះជារឿងមួយដែលអ្នករិះគន់និយាយថា ជាយុទ្ធសាស្រ្តក្នុងតំបន់របស់គាត់តែប៉ុណ្ណោះ ។
អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ដែលគ្រប់គ្រងភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយក្រុងប៉េកាំង បានបង្វែរសម្ពាធផ្នែកយោធា និងនយោបាយមកលើកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលក្រុងប៉េកាំងចាត់ទុករបស់ខ្លួន ។
លោក បៃដិន បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ”ដាច់ខាត” ចំពោះតៃវ៉ាន់ ។ លោក បៃដិន បានថ្លែងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្ខិតបង្ខំ … សកម្មភាពរបស់ប្រទេសចិន” ដោយចោទប្រកាន់ថា ពួកគេ “គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ។
លោក Li Keqiang បានប្រាប់កិច្ចប្រជុំកំពូលដែលបានប្រមូលផ្តុំមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ទាំង១០ ជាមួយដៃគូក្នុងតំបន់ថា ការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង គឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។ លោកបានលើកឡើងថា “សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមរបស់យើង” ។
គួររំលឹកថា លោក បៃដិន កាលពីសប្តាហ៍មុនបានថ្លែងថា សហរដ្ឋអាមេរិក ដែលមានកាតព្វកិច្ចដោយច្បាប់ឆ្នាំ១៩៧៩ ដើម្បីផ្តល់មធ្យោបាយការពារដល់កោះតៃវ៉ាន់ នឹងមកការពារកោះតៃវ៉ាន់ ប្រសិនបើវាត្រូវបានវាយប្រហារដោយប្រទេសចិន៕
ដោយ៖ ម៉ៅ បុប្ផាមករា