ព័ត៌មានអន្តរជាតិ

ចិនថាអាមេរិក ត្រូវតែប្រកាន់ខ្ជាប់ គោលការណ៍ចិនតែមួយ បន្ទាប់ពីប្រធានាធិបតី Tsai បញ្ជាក់ពីវត្តមាន របស់អាមេរិកនៅលើកោះនេះ

បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិក គឺផ្អែកលើគោលការណ៍ ចិនតែមួយថា «សហរដ្ឋអាមេរិកត្រូវតែប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ បីរបស់អាមេរិក-ចិន។ យើងប្រឆាំងដាច់ខាត រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងអាមេរិក និងកោះតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែក របស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ ពីប្រមុខរដ្ឋបាលតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបញ្ជាក់ប្រាប់ CNN នៅក្នុងបទសម្ភាសន៍ថ្មីមួយថា ទាហានអាមេរិក មានវត្តមាននៅលើកោះនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់កោះតៃវ៉ាន់។ លោកស្រី Tsai ក៏បានអះអាងផងដែរថា «ការគំរាមកំហែង» ពីប្រទេសចិនកំពុងកើនឡើងជារៀងរាល់ថ្ងៃ ហើយបានបង្ហាញពីទំនុកចិត្តលើការគាំទ្រ របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារមួយ។

សូមជម្រាបថា ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ បានកើនឡើងក្នុងអំឡុងខែមុននេះ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ពង្រាយយន្តហោះយោធាប្រហែល 150 គ្រឿង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ សម្រាប់សមយុទ្ធ។ ទន្ទឹមនឹងនោះ ទីក្រុងតៃប៉ិបានព្រមានថា ចិនដីគោកអាចនឹងត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីវាយប្រហារកោះនេះនៅឆ្នាំ២០២៥៕

ប្រែសម្រួលៈ ណៃ តុលា

To Top