ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោត មានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ។

បើតាមក្រសួង ធនធានទឹក និងឧតុនិយម បានឱ្យដឹងផងដែរថា យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ ពីសំណាក់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ ដែលគេបានលប់ជាច្រើនឆ្នាំមកហើយ កសាងឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំ ជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំង ពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញ ដីតួផ្លូវទំនប់សម្រេចដោយ ជោគជ័យតាមផែនការកំណត់ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។

ប្រភពដដែលបន្តថា ពេលនេះក្រុមការងារ ក្រសួងធនធានទឹកនិងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ ជាប្រក្រតីភាពឡើងវិញ ទុកជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពការងារ នឹងបញ្ចប់រួចរាល់នៅល្ងាចថ្ងៃនេះ។

ទន្ទឹមនេះ ជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ចំពោះស្ថានភាព នៃជំនន់ទឹកស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖
-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ចាប់គំរាមកំហែងខ្លាំង
-នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ជំនន់ឡើងដល់ចំណុចកំពូល កម្ពស់អតិបរមា ៦,៥៨ម៉ែត្រ (កម្ពស់ហានិភ័យ ៥,១០ម៉ែត្រ)
-នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ទឹកចាប់ផ្តើមស្រកចុះ
-នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១៤:០០នាទីរសៀល កម្ពស់ទឹកស្ទឹងព្រែកត្នោត មានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ ៕




















