ព័ត៌មានអន្តរជាតិ

ទាហានហ្វីលីពីន បាញ់សម្លាប់មេដឹកនាំ សង្ស័យថា ជាមេខ្លោង ក្រុមភេរវករ នៅភាគខាងត្បូង ប្រទេស

ម៉ានីល៖ ទាហានហ្វីលីពីន នៅថ្ងៃសុក្រនេះ បានសម្លាប់មេដឹកនាំ ដែលគេចោទប្រកាន់ថា ជាក្រុមភេរវករនៅពីក្រោយការបំផ្ទុះគ្រាប់បែក និងការសម្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឧត្តមសេនីយឯក Juvymax Uy មេបញ្ជាការកងពលធំថ្មើរជើងទី៦ នៃកងទ័ពបានឲ្យដឹងថា កងទ័ពបានសម្លាប់លោក Salahuddin Hassan មេដឹកនាំដែលគេចោទប្រកាន់ថា ជាក្រុមភេរវករ Daulah Islamiya នៅក្នុងប្រទេសហ្វីលីពីន និងភរិយារបស់លោក នៅក្នុងការប៉ះទង្គិចគ្នារយៈពេល ៣០នាទី ដែលបានផ្ទុះឡើងមុនម៉ោង ៣ ទៀបភ្លឺ ម៉ោងក្នុងស្រុកមួយ ក្នុងខេត្ត Maguindanao ។  .

 លោកបានលើកឡើងថា កងទ័ពបានវាយលុកចូលភូមិនេះ បន្ទាប់ពីអ្នកស្រុកបានរាយការណ៍ថា វត្តមានរបស់បុរសប្រដាប់អាវុធប្រហែល ៣០ នាក់នៅក្នុងតំបន់នោះ ដោយបន្ថែមថា អ្នកដើរតាមរបស់លោក Hassan បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ដោយបន្សល់ទុកប្តីប្រពន្ធ ដែលត្រូវបានបាញ់សម្លាប់។

កង​ទ័ព​ក៏​បាន​ដក​ហូត​បាន​កាំភ្លើង R4 មួយ​ដើម កង​ដៃ​មួយ និង​គ្រាប់​រំសេវ​ជា​ច្រើន​គ្រាប់ នៅក្នុង​កន្លែង​ជួប​ប្រទះ។ លោក Uy បានលើកឡើងថា “ក្រុមរបស់លោក Hassan ទទួលខុសត្រូវចំពោះសកម្មភាពជំរិតទារប្រាក់ ការរំលាយ និងសកម្មភាពទម្លាក់គ្រាប់បែកនៅ Central Mindanao ដែលផ្តោតលើបុគ្គល អាជីវកម្ម និងក្រុមហ៊ុននានា”។

លោកបានលើកឡើងថា លោក Hassan គឺជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក នៅផ្សាររាត្រីក្នុងទីក្រុង Davao កាលពីខែកញ្ញា ឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និង ៧០នាក់រងរបួស៕ ដោយ ឈូក បូរ៉ា

To Top