ព័ត៌មានអន្តរជាតិ

លីបង់ស្នើឲ្យរុស្ស៊ី ផ្តល់រូបភាពផ្កាយរណប ពីថ្ងៃផ្ទុះនៅកំពង់ផែ

បរទេស៖ ប្រធានាធិបតីលីបង់ លោក Michel Aoun នាពេលថ្មីៗនេះ បានស្នើសុំឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Alexander Rudakov ឲ្យផ្តល់រូបភាពផ្កាយរណប ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ជាពេលដែលការផ្ទុះដ៏ធំធ្វើឲ្យកក្រើកកំពង់ផែនៃរដ្ឋធានី Beirut នេះបើយោងតាមសារធ្វីតធ័រពីការិយាល័យប្រធានាធិបតី នៅថ្ងៃសុក្រនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការផ្ទុះនោះ បានសម្លាប់មនុស្សជាង២១៥នាក់ របួសមនុស្សរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញ ផ្នែកដ៏ធំ នៃរដ្ឋធានីរបស់ប្រទេសលីបង់។

មន្ត្រីស៊ើបអង្កេតឈានមុខដែលទទួលភារកិច្ចធ្វើការស៊ើបអង្កេត ចំពោះហេតុការណ៍ផ្ទុះនោះ គឺលោកច្រៅក្រម Tarek Bitar កាលពីក្នុងខែឧសភា បានស្នើសុំប្រទេសជាច្រើន ឲ្យប្រគល់រូបភាពផ្កាយរណបឲ្យ នេះបើតាមទីភ្នាក់ងារ សារព័ត៌មានជាតិ លីបង់ ប៉ុន្តែវាមិនបានបញ្ជាក់ឈ្មោះ របស់ប្រទេសទាំងនោះទេ។

គួរបញ្ជាក់ថា ម្ចាស់ជំនួយបរទេសធំៗនានា បានធ្វើការអំពាវនាវ ឲ្យមានការស៊ើបអង្កេត ប្រកបដោយតម្លាភាព ចំពោះហេតុការណ៍ផ្ទុះដ៏ធំ ដែលបានបង្កដោយបរិមាណ ដ៏ធំនៃអាម៉ូញ៉ូមនីត្រាត ដែលគេរក្សាទុកដោយមិនមានសុវត្ថិភាព៕

ប្រែសម្រួល៖ប៉ាង កុង

To Top