បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយនៅថ្ងៃសុក្រថា គ្មានអ្នកណាម្នាក់ ប្រញាប់ប្រញាល់ទទួលស្គាល់ពួកតាលីបង់ ថាជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយនេះគឺជាការបង្ហាញថា ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអនុញ្ញាតឲ្យក្រុមឥស្លាមនេះ ឈរជាតំណាងប្រទេសអាហ្វហ្គានីស្ថាន នៅអង្គការសហប្រជាជាតិនៅឡើយ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យេដឹងថា លោកឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានមានប្រសាសន៍បន្តទៀតផងដែរថា ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងទណ្ឌកម្មឯកតោភាគី លើថ្នាក់ដឹកនាំតាលីបង់ នឹងចាំបាច់ត្រូវតែដោះស្រាយ ប៉ុន្តែប្រហែលមិនមែនពេលឥឡូវនេះនោះទេ។
លោក Vassily Nebenzia បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “សំនួរស្តីពីការទទួលស្គាល់ នឹងកើតមានឡើង នៅពេលដែលសហគមន៍អន្តរជាតិ ប្រាកដក្នុងចិត្តថា ការសន្យានិងការប្តេជ្ញាដែលអាជ្ញាធរបានប្រកាស នឹងត្រូវបានធ្វើតាម”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ គឺលោកសំដៅដល់ការប្តេជ្ញានានារបស់ពួកតាលីបង់ ដែលបានធ្វើឡើងចាប់តាំងពីក្រុមនេះបានផ្តួលរំលំរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច កាលពីពាក់កណ្ដាលខែសីហា ដែលរួមបញ្ចូលទាំងរឿងសិទ្ធិមនុស្ស ជាពិសេសនោះ គឺសិទិ្ធរបស់ស្ត្រីនិងក្មេងស្រី និងការប្រយុទ្ធប្រឆាំងអំពើភេរកម្មនិងថ្នាំញៀន៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
