ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ស៊ើបអង្កេតលើសកម្មភាពជីវយោធារបស់ខ្លួន ដោយបើកចំហ តម្លាភាព និងទំនួលខុសត្រូវ

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយការស៊ើបអង្កេតលើសកម្មភាពជីវយោធារបស់ខ្លួន ដោយបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដោយសារវាពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិបានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទកាសែតជាប្រចាំក្នុង ទីក្រុងប៉េកាំងដោយបានរិះគន់អាមេរិក ចំពោះសកម្មភាពជីវយោធាសម្ងាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan បានកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលរារាំងការចរចាលើពិធីសារផ្ទៀងផ្ទាត់ ចំពោះអនុសញ្ញាអាវុធជីវសាស្ត្រ (BWC) ហើយសកម្មភាពជីវយោធារបស់ខ្លួន បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិឥតឈប់ឈរ។

លោក Tan បានបន្ដថា “សហរដ្ឋអាមេរិក មានបន្ទប់ពិសោធន៍ជីវគីមី នៅបរទេសជាង 200 ហើយសកម្មភាពស្រអាប់របស់ពួកគេបានបង្កឱ្យមានការសង្ស័យ និងការតវ៉ាយ៉ាងទូលំទូលាយ” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម BWC និងផ្តល់ព័ត៌មានលម្អិតអំពីសកម្មភាពជីវយោធាទាំងក្នុងប្រទេស និងក្រៅប្រទេស៕

ដោយ ឈូក បូរ៉ា

To Top